ខេត្តប៉ៃលិន ៖
បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាបុគ្គលិក ក្រុមហ៊ុន L.S.C របស់លោកឧញ៉ា ឡោ ស៊ុនជាង បានរងរបួសស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណ:បើកបររថយន្តក្រឡុកស៊ីម៉ង់តិ៍ ក្នុងល្បឿនលឿន ត្រង់ចំណុចផ្លូវកោង លុះវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់មិនប្រយ័ត្ន បណ្តាលឱ្យជ្រុលចង្កូតធ្លាក់ក្នុងប្រឡាយអត់ទឹកក្រឡាប់សង្កត់ស្លាប់ និងធ្វើឱ្យខូចខាតរថយន្ដ០១គ្រឿងតែម្តង។ ហេតុការណ៍បុគ្គលិកក្រុមហ៊ុន L.S.C បើកបររថយន្តក្រឡុកស៊ីម៉ង់តិ៍ក្រឡាប់ស្លាប់នេះ បានកើតឡើង នៅវេលាម៉ោង០៨ និង០០នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២២ នៅចំនុចសំបូរ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាល្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ យីម គឹមសាន់ ភេទប្រុស អាយុ៣១ឆ្នាំ (ស្លាប់ភ្លាមៗនៅនឹងកន្លែង) រស់នៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបររថយន្ដម៉ាក អ៊ីស៊ុយស៊ុយ (ISUSU) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-0213 (រងការខូចខាតយ៉ាងដំណំ) បើកបរក្នុងទិសដៅពីត្បូងទៅជើង។ ប្រភពពន្តទៀតថា មុនពេលកើតហេតុ គេឃើញបុរសជាបុគ្គលិកក្រុមហ៊ុនរបស់លោកឧកញ៉ា ឡោ ស៊ុនជាង បើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង ដោយពុំមានការប្រុងប្រយត្ត័ ហើយវ៉ាជែងគ្នាជាមួយនឹងរថយន្តមួយគ្រឿងទៀត ដែលមានទិសដៅស្របគ្នា លុះប៉ះចំកន្លែងផ្លូវកោងក្នុងស្ថានភាពគ្រោះថ្នាក់ មិនអាចវ៉ាជែងផុត ក៏ជ្រុលចង្កូតទៅខាងឆ្វេងដៃ ធ្លាក់ប្រឡាយអត់ទឹក កិនអ្នកបើកបរ ស្លាប់តែម្តង។ ក្រោយមកនគរបាលបានចុះទៅកន្លែងកើតហេតុភ្លាម ធ្វើការពិនិត្យមើល ដោយយកសព ជនរងគ្រោះចេញពីរថយន្ត ហើយហៅរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកទៅប្រគល់ជូនសាច់ញាតិនៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕