ខេត្តប៉ៃលិន ៖ 

ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណ:នគរបាលនៃអធិការក្រុងប៉ៃលិន បានធ្វើការចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ដែលបាននាំគ្នាបង្ហោះម៉ូតូយ៉ាងអនាធិប តេយ្យនៅក្នុងក្រុងប៉ៃលិន យកទៅកាត់សក់ ឱ្យពាក់សំបកកង់ម៉ូតូ និងធ្វើកិច្ចសន្យារាងចាល ព្រមទាំងអប់រំណែនាំ លុះរហូតមកដល់វេលាម៉ោង០៩ និង៣០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ទើបអាណាព្យាបាល បាននាំគ្នាទៅសុំយកម៉ូតូមកប្រើប្រាស់វិញ ដោយម៉ូតូក្មេងទំនើងទាំងនោះ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលប៉ៃលិន អស់រយ:ពេល១២ថ្ងៃ ដើម្បីឱ្យថ្ងៃក្រោយមានការរាងចាល ឈប់ប្រព្រឹត្តបែបនេះទៀត។



សូមបញ្ជាក់ថា ៖ កាលពីវេលាម៉ោង២៣ និង២៥នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន ធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះ ម៉ូតូ១ក្រុម នៅចំណុចផ្លូវក្រោយសណ្ឋាគារ មាស សោភា ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបានចាប់ឃាត់ខ្លួនយកទៅធ្វើកិច្ចសន្យារាងចាល និងមានលិខិតធានាឲ្យអាណាព្យាបាលយកទៅអប់រំណែនាំបន្ថែមទៀត និងបានយកម៉ូតូមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលប៉ៃលិន។ប្រភពព័ត៌មានបានឱ្យដឹងថា ៖ មុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើង១ក្រុម បាននាំគ្នាយកម៉ូតូរបស់ខ្លួនទៅជិះបង្ហោះយ៉ាងសប្បាយរីករាយ ដោយមិនខ្វល់ពីករណីរគ្រោះថ្នាក់ចរាចរណ៍ ឬប៉ះ ពារដល់អ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នានោះទេ។ 


ចំណែកប្រជាពលរដ្ឋនាំគ្នាលាន់មាត់ថា បើសិនជាដួលម៉ូតូ រងរបួស ពួកគាត់នឹងមិនទៅលើកនោះឡើយ ព្រោះការធ្វើបែបនេះ នាំឱ្យសង្គមមានការស្អប់ខ្ពើម ថែមទាំងដៀលត្មះដល់អាណាព្យាបាលថែមទៀត ខណ:មិនចេះណែនាំកូនចៅឱ្យបានល្អ ក្លាយទៅជាក្មេងក្រៅសង្គម។ លើសពីនេះ ក្មេងៗដទៃ ត្រូវតែជៀសឱ្យផុតពីការប្រព្រឹត្តបែបមិនគួរសម ព្រោះបើសិនជានាំគ្នាធ្វើបែបនេះទៀត នគរបាល ចាប់ឃាត់ខ្លួន នាំឱ្យមានការអាម៉ាសដល់ឪពុកម្តាយ ឬអាណាព្យាបាលផងដែរ៕