ខេត្តប៉ៃលិន ៖
ស្ត្រីម្នាក់ត្រូវគេប្រទះឃើញស្លាប់នៅក្នុងទឹកស្រះ ខណៈនាំប្ដីទៅដកដំឡូងមីនៅក្នុងចំការរបស់ខ្លួន លុះមានអារម្មណ៍ថាក្តៅស្អុះ ក៏ចុះទៅងូតទឹកក្បែរច្រាំងស្រះមួយកន្លែង ដែលមានជម្រៅជ្រៅជាង២ម៉ែត្រ ស្រាប់តែរអិលជើងធ្លាក់ចូលទៅក្នុងទឹកជ្រៅ បណ្ដាលឲ្យលង់ស្លាប់តែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី២៤ ខែមីនាឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិបាយ សី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ។
ប្រភពព័ត៌មានបានឲ្យដឹងថា ៖ សពស្ត្រីរងគ្រោះមានឈ្មោះ ថោង ស្រីមុំ អាយុ ៣៤ឆ្នាំ រស់នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបន្តថា ៖ មុនពេលកើតហេតុគេឃើញស្ត្រីខាងលើបាននាំប្ដីរបស់ខ្លួនទៅដកដំឡូងមីនៅក្នុងចំការក្បែរទឹកស្រះមួយកន្លែងនោះ តាំងពីព្រឹករហូតដល់ម៉ោង 9:00 ក៏ស្រាប់តែគាត់ពោលប្រាប់ប្ដីថា ក្តៅស្អុះស្អាប់ ហើយក៏សុំប្ដីទៅចុះងូតទឹកដើម្បីបន្តដកដំឡូងមីទៀត នោះប្ដីនាងចាំបាត់ៗ មិនឃើញត្រឡប់មកវិញក៏ដើរទៅមើលក្បែរទឹកស្រះ ស្រាប់តែឃើញសពអណ្ដែតទឹកបាត់ទៅហើយ ក៏ជម្រាបប្រាប់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចឲ្យចុះពិនិត្យមើលតែម្ដង ។ ក្រោយពីក្រុមការងារជំនាញកោសលវិច័យខេត្ត និងអធិការស្រុកបានពិនិត្យមើលលើសាកសព រួចបញ្ជាក់ឃើញថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាដកមែន។ បច្ចុប្បន្នសពស្ត្រីខាងលើ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕