ខេត្តប៉ៃលិន ៖
នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្នុងបរិវេណវត្តសន្តិមារាម ហៅវត្តអូរច្រា បានរៀបចំពិធីបំបួសកុលបុត្រចំនួន២៥រូប ក្រោមអធិបតីភាពឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការនិមន្តចូលរួមពីព្រះសន្តិមហារតមុនី សាន់ លី ព្រះមេគណ និងជាព្រះចៅអធិការវត្តសន្តិមារាមហៅវត្តអូរច្រា ឯកឧត្តម លោកជំទាវ លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ។ព្រះសន្តិមហារតមុនី សាន់ លី ព្រះមេគណនិងជា ព្រះចៅអធិការវត្តសន្តិមារាមហៅវត្តអូរច្រា មានសង្ឃដីកាថា ៖ ការរៀបចំពិធីបំបួសកុលបុត្រចំនួន២៥រូបនេះ ក្នុងគោលបំណងឱ្យយុវជន និងកុមារខ្មែរ មានឱកាសចូលសាងផ្នួស តបស្នងសងគុណ ចំពោះអ្នកមានគុណទាំងឡាយ និងថ្នាក់ដឹកនាំជាដើម។ លើសពីនេះ ដើម្បីឱ្យកុលបុត្រខ្មែរភ្ញាក់រលឹក លះបង់អ្វីៗ ដែលកំពុងប្រព្រឹត្តខុសពីគន្លងព្រះធម៌ ព្រះពុទ្ធបរមគ្រូ និងការអប់រំណែនាំមាតាបិតាអាណាព្យាបាល គ្រូបាអាចារ្យ ដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ជាពុទ្ធសាសនិកល្អ។
ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ៖ បន្ទាប់ពីប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើអោយប្រទេសជាតិមានការជឿនលឿនយ៉ាងឆាប់រហ័ស មានសុខសន្តិភាព និងស្ថេរភាពដូចសព្វថ្ងៃ វិស័យពុទ្ធសាសនាមានការរីកចម្រើនគួរអោយកត់សម្គាល់។ ឯកឧត្តមបន្តថា៖ កុលបុត្រទាំងអស់ដែលបំពេញកិច្ចបួសជាសង្ឃ ត្រូវខិតខំសិក្សារៀនសូត្រ និងឈ្វេងយល់ ពីព្រះធម៌ ព្រះពុទ្ធសាសនា ហើយពុទ្ធបរិស័ទទាំងអស់ត្រូវបន្តការគោរពប្រតិបត្តិទំនៀមទម្លាប់ប្រពៃណីជាតិ ឱ្យបានល្អគង់វង្ស។ ប្រពៃណីទំនៀមទម្លាប់ក្នុងពិធីបំបួសនេះ គឺសម្អាតសក់ កោរសក់ ពុកចង្ការ រោមចិញ្ចើម និងកាត់ក្រចកដៃ ក្រចកជើង ក្នុងគោលដៅលះបង់ គ្រប់បែបយ៉ាងដើម្បីបម្រើដល់ព្រះពុទ្ធសាសនា។ ហើយជំនឿ លើសាសនា មានការ ចារឹក ទុក ក្នុងរដ្ឋធម្មនុញ្ញដោយបញ្ជាក់ថា «ព្រះពុទ្ធ សាសនា គឺជា សាសនារបស់រដ្ឋ » ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍសង្គមតាំងពីអតីតកាលរហូតបច្ចុប្បន្ន និងទៅអនាគត។ ចំពោះការបំបួសកុលបុត្រជាសាមណេរក្នុងចេតនាអប់រំ សីលធម៌ ចរិយាធម៌ លើកកម្ពស់ វិស័យព្រះពុទ្ធសាសនា។ ម្យ៉ាងទៀត ជាការផ្តល់ឱកាសដល់យុវជនកុ មារា ចូលសាងផ្នួស តបស្នងសងគុណចំពោះ អ្នកមានគុណទាំងឡាយ។ លោកអភិបាលរងខេត្ត បានផ្តាំផ្ញើដល់កុលបុត្រទាំង២៥រូប ត្រូវខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹង គោររពវិន័យព្រះពុទ្ធ និងស្តាប់តាមការណែនាំព្រះចៅធិការវត្ត រួមគ្នាសម្អាតបរិស្ថាន ថែរក្សាទ្រព្យសម្បត្តិក្នុងវត្តឱ្យបានគង់វង្ស។
សូមបញ្ជាក់ថា ៖ ពិធីបំបួសកុលបុត្រទាំង២៥រូបនេះ ត្រូវបានដង្ហែរចូលក្នុងវត្តនិងហែប្រទក្សិណជុំវិញព្រះវិហារចំនួនបីជុំ ដើម្បីបំបួស ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករពីឯកឧត្តមលោកជំទាវ មាតាបិតាកុលបុត្រ បងប្អូនប្រជាពលរដ្ឋ និងក្មួយសិស្សានុសិស្សផងដែរ៕