ខេត្តប៉ៃលិន ៖ 

ភ្លៀងលាយខ្យល់ឡំដោយកន្រ្តាក់នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ បានធ្វើឱ្យខូច ខាតផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ខណ:នៅដើមឆ្នាំ២០២២នេះ មិនទាន់មានមនុស្ស ឬសត្វ ទទួលរងគ្រោះថ្នាក់ដោយរន្ទះបាញ់នោះទេ។ តែគេឃើញបាញ់ទៅលើដើមឈើធំៗ បណ្តាលឱ្យបាក់រលំនាំឱ្យម្នាក់ៗមានការភ័យខ្លាចយ៉ាងខ្លាំង លុះពេលឃើញមានភ្លៀងម្តងៗក៏នាំគ្នាចូលឈប់សម្រាកនៅក្នុងផ្ទះ ឬរោងចាំចំការជាដើម។ 





បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ៖ កាលពីវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ មានករណីភ្លៀងលាយឡំ ដោយខ្យល់កន្ត្រាក់០១ករណី បណ្តាលឲ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ ខូចខាតអស់ចំនួន០២គ្រួសារដូចខាងក្រោម ៖ ទី១- ឈ្មោះ ខេង ស៊ី ណារ៉ូត ភេទប្រុស អាយុ៣២ឆ្នាំ ខូចខាតផ្ទះបាយទាំងស្រុងអស់១ខ្នង មាន ទំហំ៦x៨ម៉ែត្រ មិនមានអ្នករងរបួស។ ទី២- ឈ្មោះ សូត្រ មុំ ភេទស្រី អាយុ៤៩ឆ្នាំ ខូចខាតស៊ីប្រូដំបូលផ្ទះ ចំនួន០៣សន្លឹក មិនមានអ្នករងរបួស ទាំងពីរនាក់ រស់នៅភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប្រភពបន្តទៀតថា កាលពីវេលាម៉ោង១៧ និង00នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង  ស្ថិតនៅក្នុងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលម្ចាស់មានឈ្មោះ មូល ហឿន ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅរស់នៅភូមិ-ឃុំខាងលើ ប៉ើងដំបូលស័ង្កសីចំនួន០៦សន្លឹក ។ ប្រភពបញ្ជាក់ទៀតថា ចំណែកសត្វ និងមនុស្ស មិនមានការរងរបួសអ្វីនោះទេ ដោយគ្រាន់តែឃើញមេឃខ្មៅងងឹតស្ល៊ុបភ្លាម ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដោយនាំគ្នារកកន្លែងជ្រក ដើម្បីការពារក្រែងមានគ្រោះថ្នាក់ដោយសាររន្ទះបាញ់ផងដែរ៕