ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ គេសង្កេតឃើញ តំបន់ទេសចរមួយកន្លែង ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាប់នឹងអូរព្រំដែនកម្ពុជាថៃ មានទេសភាពស្រស់ស្អាត គួរឱ្យចាប់អារម្មណ៍ មានផ្ទាំងថ្មតូចធំ អាចឱ្យភ្ញៀវមកពីទីជិតឆ្ងាយ អង្គុយលេងបាន ខណ:ភ្ញៀវទេសចរភាគច្រើន ហាក់ដូចជាមើលរំលង មិនសូវបានដឹង និងស្គាល់កន្លែងមួយនេះទេ។ លើសពីនេះ តំបន់ទេសចរមួយនេះ នៅក្បែរនឹងច្រកទ្វារអន្តរជាតិព្រំ ក្នុង ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 




បើតាមស្រ្តីម្នាក់ ឈ្មោះ លីន ជាអ្នកជួលដីគេរៀបចំធ្វើខ្យុសទទួលភ្ញៀវ បានរៀបរាប់ឱ្យដឹងថា ៖ កន្លែងទេសចរមួយនេះ គឺគាត់បានរៀបចំតុបតែង ជាកន្លែងអង្គុយលេងកម្សាន្ត និងមានខ្យុសតូចធំ សម្រាប់ឱ្យភ្ញៀវចូលហូបអាហារជួបជុំគ្រួសារ ជាង១០ខ្នង នៅក្បែរមាត់អូរ ព្រំដែនកម្ពុជាថៃ ដែលមានទឹកអូរហូរគ្រឿនៗ ធ្លាក់មកពីប្រទេសថៃតែម្តង។ ប្រភពបន្តថា កាលពីមិនទាន់បិទច្រកទ្វារព្រំដែន ដោយសារបញ្ហាជំងឺកូវីដ ១៩ គឺមានភ្ញៀវ ចូលមកហូបអាហារជាច្រើន ដោយមានអ្នកចេញចូលរកស៊ីដឹកទំនិញ យកទៅលក់ដូរនៅប្រទេសថៃ ។ ក៏មានភ្ញៀវខ្លះចូលមកលេងកាស៊ីណូនៅក្បែរព្រំដែន ចូលទៅនាំគ្នាអង្គុយលេងក្នុងកន្លែងរបស់ខ្លួន តែពេលនេះហាក់ដូចជាស្ងប់ស្ងាត់ភ្ញៀវបន្តិច។ ដូច្នេះ បើសិន ជាភ្ញៀវទេសចរនៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញចាប់អារម្មណ៍ អាចចូលលេងកន្លែងគាត់ផងដែរ។


គាត់បញ្ជាក់ថា ម្ហូបអាហារលក់ក្នុងតម្លៃសមរម្យ មានដូចជាត្រីរ៉ស់ស្ងោជ្រក់ ស្លកង្កែប អន្ទង់ ឆាក្តៅមាន់ ព្រមទាំងមានម្ហូប ពិសេសគឺសត្វកន្ធាយចិញ្ចឹមលើកយមកពីខេត្តសៀមរាប និងខេត្តបាត់ដំបង ដែលលក់ក្នុងតម្លៃ ១ក្បាល៧ម៉ឺនទៅ៨ម៉ឺនរៀល៕