ខេត្តប៉ៃលិន ៖ 

គេសង្កេតឃើញ តម្លៃទីផ្សារ កសិផលផ្លែស្វាយកែវរមៀត មានការធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យប្រជាកសិករជាច្រើននាក់ បានបោះបង់ចោលការថែទាំដំណាំស្វាយរបស់ខ្លួន តែទោះបី ជាយ៉ាងណា រហូតមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ មានរថយន្តដឹកកសិផលផ្លែស្វាយកែវរមៀតជាច្រើនគ្រឿង បានសម្រុកដឹកផ្លែស្វាយ ឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីយកទៅលក់ដូរនៅទឹកដីប្រទេសថៃ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ។ 


បើតាមការរៀបរាប់ពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ យាយម៉ៅ ភេទស្រី អាយុ៥៥ឆ្នាំ បានឱ្យដឹងថា ៖ នៅដើមឆ្នាំ២០២២នេះ តម្លៃទីផ្សារផ្លែស្វាយកែវរមៀត មានការធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យកសិករ ដែលដាំ ដំណាំមួយនេះស្ទើរតែទាំងអស់ មានការខកចិត្ត ខណ:ឈ្មួញទិញផ្លែស្វាយល្អត្រឹមតែ១គីឡូក្រាម តម្លៃ២០០-២៥០រៀលប៉ុណ្ណោះ ពោលគឺគ្រាន់តែពួកគាត់ ឱ្យថ្លៃឈ្នួលកម្មករប្រមូលផល គឺមិនមានការចំណេញអ្វីនោះទេ។ គាត់បន្តទៀតថា ទោះបីជាយ៉ាងណា ដោយសារសង្កេតឃើញនៅក្នុងចំការរបស់ខ្លួន មានផ្លែច្រើន ក៏នាំកូនចៅបេះច្រកការ៉ុងលើកដាក់រថយន្តយកទៅលក់ដូរតែម្តង។ 


គាត់បញ្ជាក់ថា ក្នុងដឹកចេញទៅលក់ដូរនេះ មានការបង់ថ្លៃក្បាលរថយន្តឱ្យខាងមន្រ្តីច្រកទ្វារព្រំដោយរថយន្តនីហ្សាន់១គ្រឿង បង់អស់ចំនួន៥៥០០០រៀល។ លុះពេលចូលទៅដល់ប្រទេសថៃ ត្រូវបង់ឱ្យខាងភាគីថៃ ១គ្រឿង តម្លៃ១០០០បាត (ប្រាក់ថៃ) ជាង១០ម៉ឺនរៀលថែមទៀត រីឯរថយន្តធំ ទាំងនៅខាងខ្មែរ និងនៅខាងថៃ គឺបង់លើសនេះផងដែរ។ ដូច្នេះ បញ្ហានេះ ក៏អាចរួមផ្សំ ធ្វើឱ្យតម្លៃទីផ្សារផ្លែស្វាយកែវរមៀត របស់ប្រជាកសិករនៅតាមចំការនីមួយៗ មានការធ្លាក់ចុះ ព្រោះឈ្មួញមិនហ៊ានទិញក្នុងតម្លៃខ្ពស់នោះទេ ព្រោះលើកហេតុផលថា បង់អស់ច្រើនកន្លែង មិនអាចចំណេញបានឡើយ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ឃឹម ប៉េងថុង ប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ បានឱ្យ ដឹងថា ៖ ការដឹកកសិផលទៅលក់ដូរនៅប្រទេសថៃ ហើយត្រូវបង់ឱ្យខាងច្រកទ្វារនោះ ខាងលោកមិន ដឹងនោះទេ។ ចំណែកឯមន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រំ ក៏បានឱ្យដឹងដែរថា អត់ដឹងរឿងនេះទេ៕