ខេត្តប៉ៃលិន ៖ ក្រោយពេលដែលភាគីថៃ បិទច្រកទ្វារអន្តរជាតិផ្សេងៗជាច្រើនដែលជាប់នឹងប្រទេសកម្ពុជា ជាពិសេសច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយសារតែបញ្ហាជំងឺកូវីដ១៩។ តែរហូតមកដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ ត្រូវបានខាងភាគីថៃបើកឱ្យដំណើរការឡើងវិញហើយ ដែលធ្វើឱ្យប្រជាបលរដ្ឋនៅក្នុងខេត្តប៉ៃលិន មានការសប្បាយរីក រាយយ៉ាងខ្លាំង ជាពិសេសអ្នករស់នៅជាប់នឹងព្រំដែនតែម្តង។ 


បើតាមប្រភពព័ត៌មានពីមន្រ្តីប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ បានបង្ហើបឱ្យដឹងថា ៖ រហូតមក ដល់ពេលនេះ ក្រោយពីខាងភាគីថៃ បើកឱ្យដំណើរការឡើងវិញ គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋឆ្លងដែនចេញចូលទៅមកដូចធម្មតា ក្រោយពីត្រូវបានបិទអស់រយ:ពេលជាង២ឆ្នាំ ព្រោះតែបញ្ហាការឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩។ ប្រភពបន្តទៀតថា ចំពោះភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ ដែលមានបំណងចង់ឆ្លងដែនពីខ្មែរទៅថៃ ឬពីថៃមកខ្មែរវិញ ត្រូវតែមានលិខិតឆ្លងដែនមិនហួសសុពលភាព ហើយក៏ត្រូវមានប័ណ្ណចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ យ៉ាងហោចណាស់ ក៏បានចាក់ថ្នាំចំនួន៣ទៅ៤ដងដែរ។ បើសិនជាប្រជាពលរដ្ឋណាម្នាក់ មិនបានចាក់វ៉ាក់សាំង គឺមិនអាចឱ្យចេញចូលបាននោះឡើយ លុះត្រាតែមានករណីពិសេស ឬការលើកលេងដោយសារបញ្ហាជំងឺណាមួយ មានលិខិតបញ្ជាក់ពីគ្រូពេទ្យ។ 


ចំណែកប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិន ពិសេសអ្នកនៅជាប់នឹងព្រំដែនផ្ទាល់ មានការត្រេកអរយ៉ាងខ្លាំង ខណ:ឃើញខាងភាគីថៃ បើកច្រកទ្វារឱ្យប្រជាពលរដ្ឋចេញចូលឡើងវិញ ខណ:ពីមុនអាចឱ្យ តែរថយន្តដឹកទំនិញប៉ុណ្ណោះ ហើយក៏ធ្វើឱ្យពួកគាត់មានការងាយស្រួលប្រកបរបរចិញ្ចឹមជីវិត ខណ:ពេលដែលបិទច្រកទ្វារព្រំដែន ពិតជាប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់យ៉ាងខ្លាំង លំបាកក្នុង ការរកប្រាក់ចំណូល។ ម្យ៉ាងវិញទៀត ក្រោយពេលបើកច្រកទ្វារ អាចនឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិ ចេញចូលមកលេងនៅកាស៊ីណូច្រកទ្វារ អាចឱ្យការប្រកបអាជីវកម្មរបស់ពួកគាត់ គឺលក់ដាច់ ដើម្បីបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃឡើងវិញ៕