ខេត្តប៉ៃលិន ៖
រហូតមកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិប៉ា ហ៊ីជើង និងអាជីវករលក់ដូរក្នុងផ្សារថ្មីប៉ាហ៊ីជើង ហៅផ្សារជាងអូន ស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃ លិន ក្រុងប៉ៃលិន បាននាំគ្នារអ៊ូរតា ត្អូញត្អែរពីបញ្ហាក្លិនស្អុយសម្រាម ដែលគរទុកចោល អស់រយ:ពេលជាង១០ថ្ងៃ នៅតាមមុខផ្ទះ និងនៅក្នុងផ្សារ ដោយពួកគាត់ ស្នើសុំឱ្យអាជ្ញាធរក្រុងប៉ៃលិន មេត្តាណែនាំមេការប្រមូលសម្រាមខេត្តប៉ៃលិន ប្រញាប់កើបដឹកយកទៅចាក់ចោលជាបន្ទាន់ ព្រោះពួកគាត់លំបាកទ្រាំខ្លាំងណាស់ ដោយជះក្លិនស្អុយខ្លាំងពេក បណ្តាលឱ្យអ្នកខ្លះទៅជាកើតជំងឺរលាកផ្លូវដង្ហើម ឈឺក្បាលវិលមុខគ្រប់ៗគ្នាជាដើម។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ ផល និងឈ្មោះ ធាវី ភេទប្រុស រស់នៅភូមិប៉ាហ៊ីជើង បានរៀបរាប់ទាំងការខឹងសម្បារ និងបារម្ភពីសុខភាពឱ្យដឹងថា ៖ អ្នកភូមិទ្រាំលែងបានតទៅទៀ តហើយ ខណ:ដែលសម្រាមគរទុកនៅមុខផ្ទះអស់រយ:ពេល១៥ថ្ងៃ មិនឃើញខាងក្រុមហ៊ុនអនាម័យដឹកសម្រាមខេត្តប៉ៃលិន ដើរប្រមូលទាល់តែសោះ។ ប្រភពបន្តទៀតថា ក្លិនកាកសំណល់ផ្ទះបាយ ដូចជាក្បាលត្រី ស្រកាត្រី សំបកបន្លែ សំបកពងមាន់ ពងទា ដែលច្រកថង់គរទុកអស់រយ:ពេលជាច្រើនថ្ងៃ បានបញ្ចេញក្លិនស្អុយឆួលចូលពេញក្នុងផ្ទះ លំបាកដកដង្ហើម លំបាកហូបអាហារ ដេកលែងលក់ និងរស់នៅវេទនាយ៉ាងខ្លាំង។ គាត់ក៏បានរិះគន់ដែរថា ការបង់ប្រាក់ថៃ្លសម្រាម គឺរៀងរាល់ខែ មិនដែលខាន១ថ្ងៃឡើយ ប៉ុន្តែអ្នកម៉ៅការ ហាក់ដូចជាមិនអើពើនឹងបញ្ហាសុខភាពរបស់ពួកគាត់ទាល់តែសោះ គួរតែ៣ទៅ៤ថ្ងៃ ដើរប្រមូលម្តង ព្រោះបើលើសពីនេះ នឹងបង្កបញ្ហាដល់សុខភាពប្រជាពលរដ្ឋក្នុងភូមិ។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិប៉ាហ៊ីជើង បានធ្វើការរិះគន់ទៅលើអាជ្ញាធរក្រុង ក៏ដូចជាមេ ការប្រមូលសម្រាមថា មិនយកចិត្តទុកដាក់នឹងសុខភាពរបស់ពួកគាត់ ដោយមិនគិតខ្វល់ចុះពិនិត្យមើល ឱ្យបានត្រឹមត្រូវ។ ពួកគាត់ពិតជាមានការព្រួយបារម្ភពីសុវត្ថិភាព សុខភាពផ្លូវដង្ហើម ព្រោះអាចកើតជាជំងឺរោគា ខណ:រាល់ថ្ងៃលំបាកក្នុងការរកថវិកាចិញ្ចឹមជីវិតហើយ បែរជាមានបញ្ហាសុខភាពថែមទៀត ធ្វើឱ្យពួកគាត់កាន់តែក្រទៅៗ មិនអាចងើបខ្លួនរួចឡើយ។ ពួកគាត់ស្នើសុំឱ្យថ្នាក់ដឹកនាំក្រុង ក៏ដូចជាខេត្ត គួរតែចុះពិនិត្យមើលបញ្ហាសម្រាមទាំងនេះ បើនៅតែព្រងើយកន្តើយទៀត ពួកគាត់ពិតជាអស់សង្ឃឹមខ្លាំ ងណាស់។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សែប សារ៉ាន់ ហៅចិន មេការអនាម័យប្រមូលសម្រាមនៅផ្សារ ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ខាងលោកប្រមូលរាល់ថ្ងៃ គឺ៣ថ្ងៃប្រមូលម្តង តែដោយសារជាប់រវល់រៀបចំអាពាហ៍ពិពាហ៍ឱ្យកូន ទើបមិនបានយករថយន្តទៅប្រមូលដឹកចាក់ចោលនៅទីលានចាក់សម្រាម។ តែពេលនេះ បន្ទាប់ពីរួចធុរ: គឺលោកចាប់ផ្តើមដើរប្រមូលជាបណ្តើរៗ នៅតាមផ្ទះប្រជាពលរដ្ឋ និងក្នុងផ្សារផងដែរ។
ចំណែកលោក ចក់ រិទ្ធី អភិបាលរងក្រុងប៉ៃលិន បានឱ្យដឹងដែរថា ៖ ខាងលោកតែងតែណែនាំ ដល់មេការសម្រាមខាងលើ ឱ្យចុះប្រមូលកំទេចកាកសំណល់គ្រប់កន្លែងគោលដៅរបស់ខ្លួន ឱ្យទាន់ពេលវេលា ដោយមិនត្រូវទុកគរចោលឱ្យស្អុយរលួយបែបនេះទេ។ លោកបន្តទៀតថា លោកក៏បានស្រែ កតាមគ្រុបជារៀងរាល់ថ្ងៃ ហើយនៅពេលនេះ បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ថា អត់មានការប្រមូលសម្រាមតាមភូមិ យកទៅចាក់ចោល លោកនឹងទាក់ទងទៅខាងមេការឱ្យប្រមូលភ្លាម៕