ខេត្តប៉ៃលិន ៖ 

ស្រ្តីម្នាក់រងរបួសបែកក្បាល និងបាក់ជើង រីឯកូនតូចអាយុ១១ខែ រងរបួសស្រាល ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណ:កំពុងដើរតាមដងផ្លូវ ស្រាប់តែមានម៉ូតូ១ គ្រឿងបើកបរយ៉ាងលឿនបុកពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ស្រាលទាំង៣នាក់តែម្តង។ ហេតុការណ៍បើកបរម៉ូតូបុកស្រ្តីម្នាក់កំពុងបីកូនតូចដើរតាមដងផ្លូវនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង០០នាទីល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ (រវាងម៉ូតូ និងអ្នកថ្មើរជើង) ០១លើក នៅចំណុចសែងឈ្លូស ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ 




ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ភាគីម៉ូតូ មាន ឈ្មោះ វ៉ាន់ រី ភេទប្រុស អាយុ២២ឆ្នាំ (រងរបួសស្រាល) រស់នៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុង/ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាក ហុងដាឌ្រីម (Honda Dream) ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1M-1803 រងការខូចខាតស្រាល ។ ចំណែកភាគីថ្មើរជើងឈ្មោះ ហឿន សៀង ភេទស្រី អាយុ៣៧ឆ្នាំ (របួសធ្ងន់បែកក្បាល និងបាក់ជើងខាងស្ដាំ) និងកូនឈ្មោះ ចិត្រា ភេទប្រុស អាយុ១១ខែ (របួសស្រាល) មានស្រុកកំណើតរស់នៅខេត្តពោធិ៍សាត់ ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញស្រ្តីម្នាក់បីកូនតូចដើរតាមដងផ្លូវ ក្នុងទិស ដៅពីកើតទៅលិច ស្របពេលនោះ ស្រាប់តែមានម៉ូតូ១គ្រឿងបើកបរក្នុងទិសស្របគ្នា យ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកស្រ្តីរងគ្រោះបណ្តាលឱ្យដួលបោកផ្ទប់ទៅនឹងផ្លូវរងរបួសធ្ងន់តែម្តង។ តែសំណាងល្អ កូនតូចដែលនាងកំពុងតែបីទទួលរងរបួសស្រាល ហើយភ្លាមៗនោះត្រូវបានសាច់ញាតិឃើញទាន់ ក៏ដឹកយកទៅសង្គ្រោះតែម្តង។ ក្រោយពេលកើតហេតុ វត្ថុតាងត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕