ប៉ៃលិន

រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឆ្លៀតពេលពីបំពេញការងាររដ្ឋបាល លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ រទេះជនពិការ ថវិកាជូនចាស់ជរា និងជនពិការ នៅតំបន់ដាច់ស្រយាលក្នុងភូមិភ្នំរាំង ភូមិក្រចាប់សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ចំនួន៥គ្រួសារដែលកំពុងជួបការខ្វះខាតជីវភាព ។


មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះចាស់ជរា អ្នកជំងឺ ជនពិការ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងយកចិត្តទុកដាក់ពីជីវភាពរស់នៅពុកម៉ែបងប្អូន ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ ដោយសម្តេចមិនបានដឹង និងមិនបានដោះស្រាយនោះទេ ។ ជាក់ស្តែងក្នុងពេលនេះ លោកជំទាវ បាន ស្រីមុំ ក្នុងនាមសេនាធិការនៅមូលដ្ឋាន បានអញ្ជើញចុះមកដល់មូលដ្ឋានផ្ទាល់ ដោយបាននាំយកនូវស្បៀងអាហារ រទេះរុញជនពិការ និងថវិកាមួយចំនួនជូនលោកយាយ លោកតា ពូមីង ដែលកំពុងមានជំងឺ ពិការនិងខ្វះខាតជីវភាពពិតប្រាកដ បានទាន់ពេលវេលាស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពង់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។


មានប្រសាសន៍បន្ថែម លោកជំទាវអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់បម្រើទុក្ខលំបាក និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អនិងឆាប់រហ័ស មិនត្រូវអោយប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្តឡើយ ពិសេសត្រូវរាយការណ៍ជាបន្ទាន់ក្នុងករណីដោះស្រាយបញ្ហាណាមួយមិនបាន ។ លោកជំទាវបន្តអំពាវនាវចំពោះប្រជាពលរដ្ឋ ត្រូវបន្តរួមគ្នាថែរក្សាសន្តិភាព ដែលរកបានដោយនយោបាយឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន និងមិនត្រូវចាញ់បោកជនអគតិណាមួយដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាពនេះឡើយ ។

អំណោយដែលផ្តល់ជូនមាន: គ្រួសារជនពិការ ទទួលបានរទេះរុញជនពិការ១ អង្ករ មី ត្រីខ ទឹកដោះគោខាប់ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ។ ដោយចាស់ជរា និងអ្នកជំងឺ ចំនួន៤គ្រួសារទទួលបានក្នុងមួយគ្រួសារៗ អង្ករ មី ត្រីខ ទឹកដោះគោខាប់ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន៕ ដោយ ៖ នីយ៉ា