ខេត្តប៉ៃលិន ៖ 

ស្រ្តីម្នាក់រងរបួសធ្ងន់ ចំណែកកូនៗពីរនាក់ទៀត រងរបួសស្រាល ត្រូវគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណ:មានបុរសម្នាក់ស្រវឹងស្រាជោគជាំទាំងព្រឹក បើកបររថយន្តក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោង លុះបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង ក្នុងទិស ដៅច្រាសគ្នា បណ្តាលឱ្យដួលប្រាវរងរបួសធ្ងន់ស្រាលតែម្តង។



ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តអ្នកស្រវឹងបើកបរលឿនត្រង់ផ្លូវកោងជ្រុលទៅបុកម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង០៧ និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៥៩ ក្នុងភូមិបុសស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរបួសចំនួន០៣នាក់ ខូចខាតរថយន្តចំនួន ០១គ្រឿង និង ម៉ូតូចំនួន០១គ្រឿង។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ជើងគោកបានឱ្យដឹងថា ៖ អ្នកបើកបររថយន្តមាន ឈ្មោះ ជន សុខុម ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបើកបររថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-3829 (បើកបរក្នុងស្ថានភាពស្រវឹងជោគជាំ) ។ ចំណែកជនរងគ្រោះមានឈ្មោះ អូន ចរិយា ភេទស្រី  អាយុ៣០ឆ្នាំ រងរបួ សធ្ងន់ ដោយបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-0912 ខូចខាតផ្នែកខា ងមុខ ។ អ្នករួមដំណើរទី១. ឈ្មោះ លី សា ភេទស្រី អាយុ០៤ឆ្នាំ ត្រូវជាកូន ទី២. ឈ្មោះ វ៉ិត សុវត្ថិ ភេទប្រុស អាយុ៧ឆ្នាំ ត្រូវជាកូន ទាំងអស់គ្នារស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


មូលហេតុគ្រោះថ្នាក់បណ្ដាលមកពីបុរសភាគីខាងរថយន្ត បើកបរក្នុងស្ថានភាពស្រវឹងជោគជាំ និងដោយល្បឿនលឿន ត្រង់ចំណុចផ្លូវកោង លុះបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូស្រីរងគ្រោះ បណ្តាលឱ្យដួលរបួសធ្ងន់ស្រាលទាំង៣នាក់ម្តាយកូនតែម្តង។ ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែករថយន្ត និងម៉ូតូ ក្រោយពេលវាស់វែងរួច ត្រូវបាននគរបាលដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕