ខេត្តប៉ៃលិន
កម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុ ស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅ បានធ្វើការចុះល្បាតនៅតាមភូមិសាស្ត្រនានាក្នុងក្រុងប៉ៃលិន ក៏បានប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន០២នាក់កំពុងជិះម៉ូតូ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានហៅឲ្យឈប់ ដើម្បីធ្វើការសាកសួរ ទើបឈានដល់ការចាប់ឃាត់ខ្លួនបក្ខពួកជាច្រើននាក់បន្តបន្ទាប់។ ហេតុការណ៍ចុះល្បាតឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចអូរសួស្ដី ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យទី១. ឈ្មោះ រ៉ាន់ ភារុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ជាកម្មករ ទី២. ឈ្មោះ ប្រាក់ តឹប ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ ជាកម្មករ ទាំងពីរនាក់រស់នៅភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឆ្លើយសារភាពថា ពួកគេទាំង០២នាក់ ទើបតែចេញមកពីជក់គ្រឿងញៀន នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ហើយអ្នកលក់គ្រឿងញៀន មាន ឈ្មោះ ពិសី ភេទប្រុស រស់នៅភូមិសង្កាត់ជាមួយគ្នា។ ប្រភពបន្តទៀតថា ពេលនោះដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំខេត្ត ផែនជំនាញក៏បានដឹកនាំកម្លាំងចុះបង្រ្កាបជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត ៖
ទី១. ឈ្មោះ សយ ពិសី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាង រលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ឆែកឆេរលើដងខ្លូនរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៦កញ្ចប់។ ទី២. ឈ្មោះ នួន សុខណាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ទី៣. ឈ្មោះ ណែម ស៊ីណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ជាកសិករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ក្រោយពិនិត្យធ្វើតេស្តទឹកនោមនគរបាលរកឃើញជនសង្ស័យខាងលើ សុទ្ធតែវិជ្ជមានគ្រឿងញៀនក្នុងខ្លួន។ វត្ថុតាងដកហូតសរុបរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៦កញ្ចប់ ទម្ងន់ ៣,១០ក្រាម សាច់ថ្នាំសុទ្ធ។ ម៉ូតូចំនួន០៣គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1AG-4809 ចំនួន០១គ្រឿង។ ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខ ប៉ៃលិន1A-8498 ចំនួន០១គ្រឿង។ ម៉ូតូម៉ាកហុងដាវ៉េវ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខ ប៉ៃលិន1A-9378 ចំនួន០១គ្រឿង។ ទូរស័ព្ទដៃចំនួន០៣គ្រឿង។ ដាវចំនួន០៣ដើម សម្ភារ:ជក់គ្រឿងញៀនមួយចំនួនទៀត។ ករណីខាងលើនេះ នគរបាលបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងរក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរបន្ត និងអនុវត្តតាមនីតិវិធី៕