ខេត្តប៉ៃលិន ៖ 

ជារៀងរាល់ថ្ងៃគេសង្កេតឃើញមានក្មេងខ្លះ ត្រូវបានឪពុកម្តាយ មិនអនុញ្ញាតឱ្យជួយធ្វើការងារអ្វីនោះទេ គឺត្រឹមតែឱ្យប្រឹងប្រែងខិតខំរៀនសូត្រប៉ុណ្ណោះ។ ប៉ុន្តែ ពួកគេមិនត្រឹមតែ មិនប្រឹងប្រែងរៀនសូត្រនោះទេ ថែមទាំងចាយថវិកាឪពុកម្តាយផ្តល់ឱ្យហើយ នាំគ្នាដើរលេងសេពគប់ជាមួ យមិត្តភក្តិមិនល្អ ភ្លេចការរៀនសូត្រ ធ្វើឱ្យខូចអនាគតថែមទៀតផង។ ចំណែកឯក្មេងៗ មួយចំនួនទៀត រស់នៅក្នុងគ្រួសារ មានជីវភាពក្រីក្រ ខ្វះខាតមុខក្រោយ ដោយនាំគ្នាដើរលក់នំ ឬបន្លែ ដើម្បីជួយរកថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសល់តិចតួច យកទៅរៀនសូត្រ ដើម្បីបានចំណេះដឹងសម្រាប់អនាគត ទាំងត្រដាបត្រដួស។ 



ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ មានក្មេងប្រុសម្នាក់ ឈ្មោះ សួន ដេវីត ភេទប្រុស អាយុជាង១៣ឆ្នាំ បានដើរទូលកញ្ច្រែងបន្លែត្រកូន និងបន្លែក្រអៅឈូក ដើរលក់តាមភូមិម្នាក់ ឯង ចាប់តាំងពីព្រឹក រហូតដល់ថ្ងៃត្រង់ ទើបចូលផ្ទះ ទទួលទានអាហារ រួចចេញទៅរៀនបន្តទៀត។ បើតាមការរៀបរាប់ពីកុមារាខាងលើ បានឱ្យដឹងទាំងទឹកមុខស្រពោនថា ៖ រូបគេមានបងប្អូនចំនួន៤នាក់ ទី១. ឈ្មោះ ចន ភេទប្រុស អាយុ២០ឆ្នាំ ឈប់រៀន ទី២. ឈ្មោះ តាល់ ភេទស្រី អាយុ១៨ឆ្នាំ ឈប់រៀន ទី៣ គឺរូបគេ ជាសិស្សរៀនថ្នាក់ទី៤ នៃសាលាបឋមសិក្សាប៉ាហ៊ី និងទី៤. ប្អូនប្រុសពៅម្នាក់ទៀត ហើយមានម្តាយ ឈ្មោះ នូ សុភា អាយុជាង៤០ឆ្នាំ ឪពុក ឈ្មោះ វ៉ិត អាយុជាង៤០ឆ្នាំ (ស្លាប់) រស់នៅក្នុងភូមិទឹកថ្លា សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពបន្តទៀតថា ក្រោយពីឪពុកស្លាប់ចោលដោយសារបញ្ហាជំងឺរោគា បងប្រុសស្រី២នាក់ ត្រូវបានបង្ខំចិត្តឈប់រៀន ដើម្បីស្វែងរកការ ងារធ្វើ ដើម្បីបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ នៅសល់តែរូបគេជាកូនទី៣ បន្តរៀនសូត្ររហូតដល់ថ្នាក់ទី៤ ហើយមិនដឹងជាអាចមានលទ្ធភាពរៀនសូត្រដល់ថ្នាក់ទីប៉ុន្មាននោះទេ។ ការដើរលក់បន្លែត្រកូន និងបន្លែផ្សេងៗ ដើម្បីរកថវិកាយកទៅរៀនសូត្រនេះ ជួនកាលលក់ដាច់អស់យកទៅឱ្យម្តាយទិញ អង្ករ និងម្ហូប លុះពេលដល់ម៉ោងទៅរៀនម្តាយឱ្យប្រាក់ចំនួន៥០០ទៅ១០០០រៀល ដើម្បីយកទៅទិញនំចំណីហូបនៅសាលារៀន ពេលឃើញសិស្សដទៃហូប កុំឱ្យអង្គុយមើលមុខគេ ព្រោះពេលឃើញគេហូបនំចំណីម្តងៗ រូបគេតែងតែងាកមុខចេញ បើមានលុយរត់ទៅទិញមកហូបដែរ។ លើសពីនេះ ម្តាយរបស់ខ្លួនអត់បានធ្វើការងារអ្វីទេ ព្រោះជាប់រវល់មើលប្អូនប្រុសតូចពៅ ហើយរូបគេជួនកាលលើកបន្លែពីអ្នកដទៃទៅលក់ដូរនៅក្បែរៗ ផ្សារជាមួយនឹងជីដូនចំណាស់របស់ខ្លួនម្នាក់ដែរ។ 



ក្មេងប្រុសខាងលើ បានបញ្ជាក់ទៀតថា ស្ថិតក្នុងជីវភាពខ្សត់ខ្សោយ រវល់តែដើរលក់ដូរបន្លែនៅ តាមភូមិ មិនសូវមានពេលមើលមេរៀនទេ ហើយរូបគេក៏រៀនមិនពូកែដែរ ដោយរៀនជាប់លេខ២០ឡើ ង ព្រោះខ្វះខាតថវិការៀនគួរ ណាមួយរៀនមិនសូវយល់ ព្រោះគិតពីការដើរលក់បន្លែច្រើនជាង។ តែទោះបីជាយ៉ាងណា រូបគេប្តេជ្ញាចិត្តខិតខំរៀនសូត្រ ទោះបីជារៀនមិនពូកែ ដើម្បីមានដើមទុនសម្រាប់អនាគត មិនឱ្យភាពក្រីក្របន្តអូសបន្លាយដូចក្រុមគ្រួសាររបស់គេបច្ចុប្បន្ននេះឡើយ៕