ខេត្តប៉ៃលិន ៖ 

ដោយសារតែជនបង្កខឹងជនរងគ្រោះ កាងអ្នកដែលយកទូរស័ព្ទប្អូនរាប់អានរបស់ខ្លួន ទៅបញ្ចាំយកលុយលេងល្បែងបាញ់ត្រីចាញ់អស់ មិនទៅរំលោះយកមកឱ្យវិញ ទើបនាំបក្ខពួកជិះម៉ូតូទៅទាញយកកាំបិតប៉័ងតោ នៅកន្លែងទូបាញ់ត្រី ចេញមកកាប់ប្រហារលើជនរងគ្រោះនៅមុខកាស៊ីណូផ្អើលភ្ញៀវតែម្តង។ គ្រាន់តែឃើញលើកកាំបិតកាប់ប្រហារភ្លាម ជនរងគ្រោះបានយកដៃឆ្វេងរង បណ្តាលឱ្យមុតរយះដេរអស់ចំនូន២០ថ្នេរ។ ចំណែកជនបង្ក២នាក់ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ខណ:នគរបាលតាមចាប់ឃាត់ខ្លួនបានម្នាក់។ 





ហេតុការណ៍អំពើហិង្សាកាប់ប្រហារមានស្ថានទម្ងន់ទោសនេះ បានកើតឡើងកាលពីវេលាម៉ោង ០៦ និង០០នាទីល្ងាច ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចមុខកាស៊ីណូម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ មិត្ត ធាវី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសដៃខាងឆ្វេងដេរអស់ជាង២០ថ្នេរ)។ ចំណែកជនបង្កមានគ្នា០៣នាក់ ៖ ទី១ មានឈ្មោះ ស៊ិន  កក្កដា ភេទប្រុស អាយុ២០ឆ្នាំ (ចាប់ឃាត់ខ្លួន)។ ទី២ មានឈ្មោះ វែង ភេទប្រុស អាយុ៣៤ឆ្នាំ ទាំងពីរនាក់ មានទីលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី៣ មានឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (ទាំង២នាក់បានគេចខ្លួនបាត់)។ ចំណែកវត្តុតាង កាំបិតប៉័ងតោ១ដើម ក្រោយធ្វើសកម្មភាពកាប់ប្រហាររួច ក៏បោះទុកចោល ត្រូវនគរបាលយក ៕ បច្ចុប្បន្ន ជនសង្ស័យដែលឃាត់ខ្លួន បានត្រូវនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕