ខេត្តប៉ៃលិន ៖
ក្រោយពីមេឃខ្មៅ ងងឹតអួរអាប់នៅពេលរសៀល ស្រាប់តែបង្កទៅជាភ្លៀង១មេយ៉ាងធំ ហូរចុះពីលើកន្លែងខ្ពស់ ចូលទៅក្នុងអូរមិនទាន់ ក៏បង្កជាជំនន់ទឹកភ្លៀង បណ្ដាលឱ្យលិចលង់ផ្ទះប្រជាពលរដ្ឋអស់ចំនួន៣០ខ្នង និងហូរកាត់លើផ្លូវជាតិលេខ៥៧។ ករណីជំនន់ទឹកភ្លៀងនេះ មិនទាន់ដឹងពីការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋប៉ុន្មាននៅឡើយទេ ខណ:ផ្ទះប្រជាពលរដ្ឋខ្លះ បានហូរអណ្តែតពាង សម្ភារ:ផ្ទះបាយ ដូចជា ចាន ឆ្នាំង ខោអាវ និងហូរនាំក្តាររោងផ្ទះបាយអស់មួយចំនួនផងដែរ។ ហេតុការណ៍ភ្លៀង១មេធំ បង្កជាជំនន់ទឹកភ្លៀងលិចផ្ទះប្រជាពលរដ្ឋ និងផ្លូវជាតិលេខ៥៧នេះ បានកើតឡើងនៅវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បណ្ដាលឲ្យលិចផ្ទះប្រជាពលរដ្ឋ និងលិចលើផ្លូវជាតិលេខ៥៧ ចំនួន០៣កន្លែង។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ការលិចផ្ទះ និងលិចផ្លូវនៅចំណុចទី១. នៅជិតស្តង់ពោតនិងដំឡូងមី របស់ក្រុមហ៊ុន ស៊ី.ភី ចំណុចទី២. ស្ថិតនៅមុខក្លោងទ្វារវត្តអូររអិល (លិចផ្លូវចម្ងាយប្រហែល ៥០ម៉ែត្រ កម្ពស់ទឹកប្រហែល៦០សង់ទីម៉ែត្រ និងចំណុចទី៣. នៅជិតកន្លែងក្រឡុកស៊ីម៉ង់តិ៍ ស្ថិតនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានដដែលបានឱ្យដឹងបន្តថា ករណីនេះ បណ្តាលឱ្យប៉ើងសង្ក័សីតូប របស់ប្រជាពលរដ្ឋចំនួន០១កន្លែង រីឯផ្ទះប្រជាពលរដ្ឋមួយចំនួនទៀត ដែលត្រូវបានលិចដោយជំនន់ទឹកភ្លៀងនេះ ពុំមានទទួលរងការខូចខាតអ្វីធ្ងន់ធ្ងរនោះទេ។ ប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងវេនប្រចាំបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលស្ទឹងកាច់ កំពុងតែជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅលើចំណុចផ្លូវដែលបានលិចនោះ លុះក្រោយពេលរាំងភ្លៀងទៅវិញ ស្ថានភាពទឹកក៏បានស្រកអស់ និងអាចឱ្យម៉ូតូរថយន្ត ធ្វើចរាចរណ៍ទៅមកបានជាធម្មតាឡើងវិញ។
ទោះបីជាយ៉ាងណា រហូតមកដល់យប់ថ្ងៃដដែលនេះ មេឃនៅតែខ្មៅងងឹត មានភាពអួរអាប់ ហើយប្រជាពលរដ្ឋកំពុងតែមានការព្រួយបារម្ភក្រែងបន្តភ្លៀងធ្លាក់បន្ថែមទៀត អាចនឹងលិចលង់បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ ដូច្នេះ ពួកគាត់កំពុងតែត្រៀមខ្លួនជាស្រេច ទោះបីជាមានភ្លៀងខ្លាំងបន្តទៀត នឹងអាចនាំគ្នាជម្លៀសរកទីទួលសុវុត្ថិភាពទាំងយប់ផងដែរ។ ចំណែកថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន កំពុងតែដុតដៃដុតជើងចុះទៅពិនិត្យ និងជួយសម្រួលដល់ប្រព័ន្ធផ្លូវទឹកឱ្យហូរចូលអូរកាន់តែលឿន ដើម្បីជៀសវាងបន្តលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋត្រង់ចំណុចខាងលើ៕