ខេត្តប៉ៃលិន ៖

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានរៀបចំពិធីចែកពូជពោតក្រហមជូនដល់ប្រជាកសិករ ដែលទទួលរងគ្រោះធម្មជាតិរាំង ស្ងួត ចំនួន១០២គ្រួសារ ស្មើនឹង១០២ការ៉ុង (ក្នុង១ការ៉ុងទម្ងន់៥០គីឡូក្រាម) ដែលពិធីនេះធ្វើឡើងនៅក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ក្រោមអធិបតីភាពលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន សហការជាមួយលោកស្រី ពេញ ម៉ូយ ចៅសង្កាត់រងទី១ អូរតាវ៉ៅ ។     


យោងតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានឱ្យដឹងថា ៖ នៅពេលនេះ ខាងមន្ទីរ បានធ្វើការចែកពូជពោតក្រហម ជូនដល់ប្រជាកសិករ ដែលទទួលរងគ្រោះធម្មជាតិរាំងស្ងួតហួតហែងចំនួន៧ភូមិគឺ ទី១-ភូមិដីក្រហមចំនួន៣៣គ្រួសារ ស្មើនឹង៣៣ការ៉ុង ទី២- ភូមិកូនភ្នំចំនួន២២ គ្រួសារ ស្មើនឹង២២ការ៉ុង ទី៣-ភូមិខ្លុងចំនួន៣០គ្រួសារ ស្មើនឹង៣០ការ៉ុង ទី៤- ភូមិទួលល្វាចំនួន១០ គ្រួសារ ស្មើនឹង១០ការ៉ុង ទី៥- ភូមិទួលនិម្មិតចំនួន៧គ្រួសារ ស្មើនឹង៧ការ៉ុង។  លោកបន្តទៀតថា ទោះបីជាជួបនឹងបញ្ហាគ្រោះធម្មជាតិបែបណា ក៏សូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្តដាំ ដំណាំបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស មុនពេលដាំពោត ឬដំឡូងមី ត្រូវតែសង្កេត មើលតាមឧត្តុនិយម ដើម្បីកុំឱ្យការដាំមានការខុសនឹងអាកាសធាតុរយ:ពេលយូរនាំឱ្យខូចខាតដំណាំរបស់ខ្លួន។ ម្យ៉ាងវិញទៀត បើសិនជាប្រជាពលរដ្ឋមានបញ្ហាប្រឈមនឹងសត្វល្អិត ឬដង្កូវស៊ីបំផ្លាញដំណាំរបស់ខ្លួន គឺត្រូវប្រញាប់ទាក់ទងទៅខាងមន្ទីរកសិកម្មភ្លាម ដើម្បីចុះទៅត្រួតពិនិត្យ និងដោះស្រាយ ជួនភ្លាមៗទាន់ពេលតែម្តង។ 


ចំណែកប្រជាពលរដ្ឋដែលទទួលបានគ្រាប់ពូជពោតក្រហម មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយម្នាក់ៗ នឹងយកពូជពោតទាំងនោះទៅដាំសារថ្មី នាចុងរដូវព្រោះកំពុងតែមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ អាចឱ្យពួកគាត់មានសង្ឃឹមសារជាថ្មីឡើងវិញ៕