ខេត្តប៉ៃលិន ៖

ប្រជាពលរដ្ឋទាំងឡាយ ដែលកំពុងធ្វើសកម្មភាពកាប់ទន្ទ្រាន រានដីព្រៃឈើ និងហ៊ុមព័ទ្ធយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិលួចលាក់ កាប់បំផ្លាញព្រៃឈើ សូមបញ្ឈប់ទង្វើអវិចារណញ្ញាណរបស់ខ្លួនជាបន្ទាន់ ព្រោះការមានបាន ពីអាជីវកម្មផលព្រៃឈើខុសច្បាប់ ជាបទល្មើសមួយយ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅនឹងផលប្រយោជន៍របស់សង្គម។ លើសពីនេះ ផលលំបាក នៃការកាប់បំផ្លាញព្រៃឈើ នឹងនាំមកនូវមហន្តរាយវិនាសកម្មដល់បរិស្ថានធម្មជាតិ ផ្តល់ផលអាក្រក់គ្រប់បែបយ៉ាង ប៉ះពាល់ដល់សង្គម ក្នុងនោះ ក៏អាចផ្តល់ផលអាក្រក់ដល់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។ ដូច្នេះ យើងមិនត្រូវកាប់បំផ្លាញព្រៃឈើនោះទេ យើងត្រូវតែរួមគ្នាដាំដុះដើមឈើឡើងវិញ។ យើងត្រូវសន្សំសំចៃក្នុងការបើប្រាស់ផលអនុផលព្រៃឈើគ្រប់ប្រភេទ ឱ្យអស់លទ្ធភាព និងបណ្ដុះឡើងវិញ ជាបន្ទាន់នូវស្មារតីគោរពច្បាប់ ដើម្បីរួមចំណែ កកសាងព្រះរាជាណាចក្រកម្ពុជា ឱ្យមានការរីកចម្រើន។ នេះជាការលើកឡើងរបស់លោក ហុក សុផល អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងពិធីបុណ្យ " រុក្ខទិវា " ០៩ កក្កដា ឆ្នាំ២០២២ នៅក្នុងបរិវណរមណីដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពីព្រះសង្ឃ តាជី ដូនជី មន្រ្តីរាជការមកពីតាមមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស សរុបជាង៥០០នាក់។ 




លោក ហុក សុផល បានបន្តទៀតថា នៅពេលនេះ ពិតជាមានអត្ថន័យខ្ពង់ខ្ពស់ ព្រោះជាចលនាមួ ដ៏សំខាន់បំផុត ក្នុងការជួយបំផុសស្មារតី មន្រ្តីរាជការ គ្រប់ជាន់ថ្នាក់ និងជនរួមជាតិទូទាំងប្រទេស ឱ្យមានមនសិការចេះស្រលាញ់ ធនធានធម្មជាតិ និងចូលរួមដាំដុះ ថែរក្សា ការពារ អភិរក្សព្រៃឈើ ដែលជាកតព្វកិច្ចរបស់យើងទាំងអស់គ្នា ក្នុងការលើកស្ទួយបរិស្ថានធម្មជាតិនេះ ឱ្យមាននិរន្តរភាព។ លោកក៏បានបញ្ជាក់ថា ៖ ពិធីបុណ្យ “ រុក្ខទិវា ” នៅថ្ងៃនេះ គឺជាសក្ខីភាពមួយបង្ហាញតាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់អតីតព្រះមហាវីរៈក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជាយើង ដែលជានិច្ចកាល ព្រះអង្គតែងតែយកព្រះទ័យទុកដាក់ដល់បញ្ហាព្រៃឈើ ជាពិសេសការថែរក្សាការពារព្រៃឈើ និងអភិវឌ្ឍព្រៃឈើតាមរយៈការដាំដុះព្រៃឈើឡើងវិញ ដែលជាអទិភាពចំបង។ ជាក់ស្ដែងកន្លងមកព្រះអង្គតែងតែចូលរួមជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យ “ រុក្ខទិវា “ ទាំងនេះផងដែរ។ លើសពីនេះ នៅក្នុងបរិវណរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវនាថ្ងៃនេះ ជាទិវាប្រវត្តិសាស្ត្រ ដ៏នក្ខត្តឬក្ស ដែលអាជ្ញាធរខេត្ត រួមជាប្រជាពលរដ្ឋ បានចូលរួមអបអរពិធីបុណ្យ ” រុក្ខទិវា“នេះ ទុកជាកេរ្តិ៍តំណែលសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ 





បើតាមរបាយការណ៍លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានរៀបចំកូនឈើជាច្រើនប្រភេទសរុបចំនួន ១៦៧០ដើម ដូចជា ដើមលឿងរាជ ត្របែកព្រៃ ក្ងោក បេង គ្រញូង នាងនួន ធ្នង់ ឈើទាល សម្រាប់ដាំ ក្នុងពិធី និងចែកជូនតាមអង្គភាព សាលារៀន និងប្រជាពលរដ្ឋដាំ មូលដ្ឋានផងដែរ៕