ខេត្តប៉ៃលិន ៖
បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្ត ខណ:បើកបរម៉ូតូនៅរង្វង់មូលព្រះគោ ស្រាប់តែមានមន្រ្តីយោធាម្នាក់បើកបររថយន្តបញ្ច្រាស់ទិស ក៏បុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឱ្យដួលប្រាវរងរបួសធ្ងន់តែម្តង។ ក្រោយពេលបង្កហេតុមន្រ្តី យោធាដែលបើកបរល្មើសផ្លូវរង្វង់មូលបានរត់គេចខ្លួន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៧ និង៣០នាទីយប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចរង្វង់មូលព្រះគោ ក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលឱ្យទទួលខូចខាតរថយន្តចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង និងមនុស្សរងរបួសធ្ងន់ម្នាក់។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ អ្នកបើកបររថយន្ត មាន ឈ្មោះ ទូច ញៀន ភេទប្រុស អាយុ ៤៣ឆ្នាំ ជាមន្រ្តីយោធា ដោយបើកបររថយន្តម៉ាក Lexus 470 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2E-6878 (រត់គេចខ្លួនក្រោយបង្កហេតុ)។ ចំណែកជនរងគ្រោះមាន ឈ្មោះ តឿ ទី ភេទប្រុស អាយុ ២២ឆ្នាំ ជាកសិករ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាកឌ្រីមស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ1A-8608 (រងរបួសធ្ងន់បាក់ភ្លៅ)។ ប្រភពបន្តទៀតថា មូលហេតុនៃការគ្រោះថ្នាក់បណ្តាលមកពីជនបង្កបើកបររថយន្តក្នុងល្បឿនលឿន និងបញ្ច្រាស់រង្វង់មូល ហេតុ ទើបបណ្តាលអោយមានគ្រោះថ្នាក់បុកជនរងគ្រោះ ដែលកំពុងបើកបរម៉ូតូឆ្វែលរង្វង់មូលព្រះមូលគោតាមទិសដៅត្រូវរបស់ខ្លួន។ ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែតខេត្តប៉ៃលិន។ ចំណែករថយន្ត និងម៉ូតូ ត្រូវបាននគរបាលដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕