ខេត្តប៉ៃលិន ៖ 

ម្ចាស់ចម្ការម្នាក់ មានការភ្ញាក់ផ្អើល និងភិតភ័យយ៉ាងខ្លាំង ខណ:យកត្រាក់ទ័រទៅភ្ជួរក្នុងដីចម្ការរបស់ខ្លួន ដើម្បីនឹងដាំពោតសារជាថ្មីឡើងវិញ ខណ:ដែលធ្លាប់ភ្ជួរដីដាំដំណាំជារៀងរាល់ឆ្នាំមិនអី លុះថ្ងៃនេះចាប់ផ្តើមភ្ជួរដីបានបន្តិច ស្រាប់តែផុសចេញនូវគ្រាប់មីនតោន ដែលសេសសល់ពីសម័យសង្គ្រាមកប់នៅក្នុងដី ធ្វើឱ្យព្រលឹងចុងសក់តែម្តង។ ហេតុការណ៍ភ្ជួរដីក្នុងចម្ការ ឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផុសចេញនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 




បើតាមការឱ្យដឹងពីលោកអនុសេនីយ៍ឯក ចឹក កុសល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បរ យ៉ាខា បានឱ្យដឹងថា ៖ ក្រោយបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋម្នាក់ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលសេសសល់កាលពីសម័យសង្គ្រាមចំនួន០១គ្រាប់ (ប្រភេទគ្រាប់មីនតោន) ដែលកប់លិចក្នុងដី ស្ថិតនៅភូមិខាងលើ។ ប្រភពបន្តទៀតថា កសិករធ្លាប់ភ្ជួរដីខាងលើជារៀងរាល់ឆ្នាំ មិនធ្លាប់ប្រ ទះឃើញអ្វីនោះទេ ណាមួយខាងអង្គភាពកំចាត់មីនក៏ធ្លាប់ បានចុះទៅរាវរកគ្រាប់មិនទាន់ផ្ទុះទីនោះពីមុនកន្លងមកដែរ តែមិនឃើញមានបញ្ហាអ្វីនោះឡើយ លុះភ្លៀងហូរដីកាន់តែរាក់ទៅៗ ខណ:ដែលកសិករភ្ជួរដីដើម្បីដាំពោត និងដំឡូងមី ក៏ប្រទះឃើញគ្រាប់មីនតោន គួរឱ្យភ័យខ្លាចយ៉ាងខ្លាំង។ ទោះបី ជាយ៉ាងណា ក្រោយពេលឃើញបែបនេះ ម្ចាស់ចម្ការលែងហ៊ានបើកត្រាក់ទ័រភ្ជួរដីនេះទៀតហើយ ក្រែង មានគ្រាប់មីនតោនកប់ក្នុងដីត្រង់កន្លែងផ្សេងទៀត ដែលអាចបង្កហានីភ័យចំពោះខ្លួន។ បច្ចុប្បន្ន មន្រ្តីការិយាល័យជំនាញ និងនាយប៉ុស្ដិ៍ បានទំនាក់ទំនងទៅខាងអង្គភាពស៊ីម៉ាក់ ដើម្បីយកគ្រាប់ទៅទុកកម្ទេចចោលនៅកន្លែងដែលមានសុវត្ថិភាព៕