ខេត្តប៉ៃលិន ៖ 

រហូតមកដល់ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ គេសង្កេតឃើញកសិករដែលប្រកបរបរចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ មានការត្អូញត្អែរពីជីវភាពប្រចាំថ្ងៃរបស់ខ្លួន ខណ:ដែលតម្លៃទីផ្សារសាច់ជ្រូករស់មានការធ្លាក់ចុះបន្តិច។ ចំណែកឯចំណីសត្វគ្រប់ប្រភេទ ដែលឈ្មួញនាំចូលយ កមកលក់ដូរនៅទីផ្សារមានការឡើងថ្លៃខ្ពស់កប់ពពក ពោលគឺមិនមានសមតុល្យគ្នាជាមួយនឹងតម្លៃសត្វជ្រូក ដែលពួកគាត់ប្រមូលផលលក់ទៅវិញនោះឡើយ។ 




បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ ស្រី អាយុ៣០ឆ្នាំ ចិញ្ចឹមជ្រូកជាង៥០ក្បាល និង ឈ្មោះ នឿត ភេទប្រុស អាយុ៣៤ឆ្នាំ ចិញ្ចឹមសត្វជ្រូកប្រហែល១០០ក្បាល រស់នៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ សាច់ជ្រូករស់សព្វថ្ងៃនេះ មានការធ្លាក់ថ្លៃ ចុះជាងពីមុន ដោយបច្ចុប្បន្ន ឈ្មួញទិញសត្វជ្រូករស់ ក្នុង១គីឡូក្រាម ត្រឹមតែ១១៥០០រៀលប៉ុណ្ណោះ ដោយកាលពីមុន ឈ្មួញទិញ១គីឡូក្រាមតម្លៃ១៤០០០ទៅ១៤៥០០រៀល។ រីឯតម្លៃ កូនជ្រូកដែលគេទិញយកទៅចិញ្ចឹមក៏មានការធ្លាក់ចុះដូចគ្នា គឺកូនជ្រូក១ក្បាល លក់បានត្រឹមតែ២៤០០០០ទៅ២៦០០០០រៀល ខណ:ដែលពីមុនកូនជ្រូក១ក្បាល អាចលក់បានចាប់ពី៤០០០០០ទៅ៥០០០០០រៀលឯណោះ។ 




ប្រភពបន្តទៀតថា ទោះបីជាយ៉ាងណា ពួកគាត់នៅតែបន្តខិតខំប្រឹងប្រែងចិញ្ចឹមជ្រូក ដើម្បីលក់បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដោយដើររកបន្លែនៅតាមចម្ការនានាក្នុងក្រុងប៉ៃលិន ដូចជា ត្រកួន ដើមត្រាវ ល្ពៅ ត្រឡាច និងដើមចេក យកទៅហាន់ បុកបបរឱ្យជ្រូកស៊ី ព្រោះចំណីដែលទិញមកពីផ្សារ មានការឡើងខ្ពស់ទ្វេដង មិនអាចឱ្យចំណេញនោះឡើយ។ បន្ថែមពីនេះ ពួកគាត់ក៏បិតស្រាស លក់ឱ្យម៉ូយនៅតាមភូមិ ដើម្បីយកបាយស្រាដែលសេសស ល់ ដាក់ឱ្យជ្រូកស៊ី កាត់បន្ថយការចំណាយទៅលើការទិញចំណីអាហារឱ្យសត្វជ្រូកផងដែរ។ ពួកគាត់ក៏សំណូមពរឱ្យឈ្មួញ ដែលនាំចំណីសត្វគ្រប់ប្រភេទ ចូលមកលក់ដូរក្នុងផ្សារ មានការបញ្ចុះតម្លៃ ហើយសូមឱ្យតម្លៃទីផ្សារសាច់ជ្រូករស់ បានឡើងខ្ពស់ជាងនេះបន្តិច ដើម្បីឱ្យការទូទាត់មានភាពប្រហាក់ប្រ ហែលគ្នា។សូមបញ្ជាក់ថា បច្ចុប្បន្ន កសិករមួយចំនួន រស់នៅក្នុងក្រុងប៉ៃលិន បានបោះបង់ចោលនូវមុខរបរ មួយនេះ ដោយបែរទៅដាំដំណាំផ្សេងៗ ដូចជាដំឡូងមី ពោតក្រហម ដាំបន្លែបេះលក់យកថវិកាផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃ៕