ខេត្តប៉ៃលិន ៖
កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ មានសេចក្តីរាយការណ៍ឱ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថខេត្តប៉ៃលិន សហការជាមួយនឹងមន្រ្តីជំនា ញរដ្ឋបាលព្រៃឈើ ដេញតាមប្រផាប់ចាប់ព្រភីង ក្រុមម៉ូតូលួចដឹកជញ្ជូនឈើចេញពីក្នុងព្រៃតំបន់អភិរក្ស ភ្នំខៀវ ហើយឃាត់ខ្លួនមនុស្ស៣នាក់ យកទៅសួរនាំ រួចអប់រំដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកប្រជាពលរដ្ឋបានលាន់មាត់គ្រប់ៗ គ្នាថា ម៉ូតូច្រើនគ្រឿងបន្តកន្ទុយគ្នា អញ្ចឹងបានជាព្រៃឈើនៅតំបន់អភិរក្សរងការកាប់បំផ្លាញស្ទើរតែអស់ពីក្នុងព្រៃ។
រហូតមកដល់វេលាម៉ោង១០ និង០០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ជនសង្ស័យកាប់ព្រៃឈើដឹកតាមម៉ូតូចំនួន៣នាក់ ដែលត្រូវបានឃាត់ខ្លួនសួរនាំ ហើយមិនបញ្ចេញឈ្មោះ ត្រូវបានមន្រ្តីជំនាញបញ្ជូនទៅពិន័យជាអន្តរកាល រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ដោយរឹបអូសយកតែម៉ូតូដឹកឈើចំនួន៩គ្រឿង និងកំណាត់បន្ទះឈើទុកនៅនឹងកន្លែងប៉ុណ្ណោះ។ ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ៖ ព្រៃឈើនៅតំបន់អភិរក្សភ្នំខៀវ ទទួលរងការលួចកាប់បំផ្លាញជារៀងរាល់យប់ថ្ងៃ គួរឱ្យព្រួយបារម្ភ ខណ:មានក្រុមរកស៊ីដឹកឈើតាមម៉ូតូជិត១០គ្រឿង បានឡើងទៅកាប់ដឹកយ៉ាងគគ្រឹកគគ្រេងនាពេលយប់ យកទៅលក់នៅតាមសិប្បកម្មនានាទូទាំងខេត្តប៉ៃលិន។ តែគេមិនឃើញមន្រ្តីជំនាញណាម្នាក់ ធ្វើការចាប់ឃាត់ក្រុមទីទុយទាំងនោះឡើយ ដោយដឹកយកទៅលក់យ៉ាងរលូន ធ្វើឱ្យដើមឈើប្រណីតល្អៗ ត្រូវទទួលរងការកាប់បំផ្លាញស្ទើរអស់រលីងពីក្នុងព្រៃ។
ប្រជាពលរដ្ឋរស់នៅក្រុងប៉ៃលិន តែងតែនិយាយខ្សឹបខ្សៀវគ្នានៅតាមតុកាហ្វេថា មានម៉ូតូដឹកឈើដាក់តាមសិប្បកម្មនានាក្នុងខេត្តប៉ៃលិន ជារៀងរាល់យប់ ធ្វើឱ្យរំខានដល់អ្នកដែល សម្រាកនៅក្បែរៗរោងសិប្បកម្មផងដែរ។ តែគ្មានមន្រ្តីជំនាញណាម្នាក់ដឹងនោះទេ ទើបពួកគាត់ម្នាក់ៗមានការសង្ស័យកាន់តែខ្លាំង ថាបើមិនមានអ្នកបើកដៃឱ្យចូលកាប់ឈើទាំងនោះទេ ក៏ពួកគេមិនហ៊ានដែរ៕