ខេត្តប៉ៃលិន ៖

រហូតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បន្ទាប់ពីអស់សុពលភាពក្នុងការធ្វើការងារនៅប្រទេសកូរ៉េ បុរសម្នាក់ បានត្រឡប់ មកនាំប្រពន្ធដាំបន្លែតាមបែបបច្ចេកទេសថ្មី នៅលើដីចម្ការរបស់ខ្លួន ខណ:មានសល់ដើមទុនខ្លះៗ ដើម្បី បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាព។ ហើយគាត់កំពុងប្រកាសលក់ដីចម្ការមួយចំនួន ដើម្បីពង្រីកការដាំ បន្លែជាលក្ខណ:ស្តង់ដារ។  



បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ ផៃ ផានី ភេទប្រុស អាយុ៤៩ឆ្នាំ ប្រពន្ធ ឈ្មោះ ណន សោភា រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ លោកបានចុះ ឈ្មោះចូលរៀនភាសាកូរ៉េ និងដាក់ពាក្យប្រឡងទៅធ្វើការងារនៅប្រទេសកូរ៉េអស់រយ:ពេលជាច្រើនឆ្នាំ លុះពេលអស់សុពលភាព ក៏ត្រឡប់មកស្រុកខ្មែរវិញបែកគំនិតសង់រោងពីថង់ប្លាស្ទិក ដើម្បីដាំបន្លែតាម លក្ខណ:ស្តង់ដារ។ លោកបន្តទៀតថា សព្វថ្ងៃកំពុងតែមរមាញឹកក្នុងការដាំបន្លែម្ទេសហាវ៉ៃ បន្លែត្រប់ ត្រសក់ ខាត់ណា ប៉េងប៉ោះ និងបន្លែផ្សេងៗទៀតនៅលើដីចម្ការរបស់ខ្លួន ដោយការដាំដុះនេះ ទើបតែចាប់ ផ្តើមនៅឆ្នាំ២០២២នេះ ហើយក៏បានប្រមូលផលបេះលក់បានចំនួន៤ដងហើយដែរ។ 

លោកបញ្ជាក់ទៀតថា បន្លែម្ទេសហាវ៉ៃ លក់បាន១គីឡូក្រាម តម្លៃ៥០០០ទៅ៦០០០រៀល រីឯបន្លែផ្សេងៗ ទៀត ក៏មានតម្លៃប្រហាក់ប្រហែលគ្នានេះដែរ។ តែបើសិនជាមានការធ្លាក់ចុះជាងនេះទៀត ខាង លោកពិតជាមិនអាចចំណេញបាននោះឡើយ។ ទោះបីជាយ៉ាងណា នៅថ្ងៃខាងមុខ លោកក៏នឹងពង្រីកការដាំដុះបន្លែបង្កានេះឱ្យកាន់តែច្រើនថែមទៀត ដើម្បតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅលក់ដូរនៅខេត្តដទៃទៀត ក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនេះ លោកក៏សូមអរគុណដល់ខាងមន្ទីរជំនាញកសិកម្មខេត្តប៉ៃលិន ដែលបានចាត់ឱ្យមន្រ្តីរបស់ខ្លួន ធ្វើការបើកវគ្គបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋនៅតាមភូមិពីរបៀបដាំ របៀបថែទាំ និងរបៀបការពារសត្វល្អិតកុំឱ្យបំផ្លាញដំណាំបន្លែផងដែរ។ 

ចំណែកលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ ខេត្តប៉ៃលិន ក៏បានណែនាំ ឱ្យប្រជាពលរដ្ឋនៅតាមភូមិបន្តនាំគ្នាដាំដំណាំ បន្លែ និងចិញ្ចឹមសត្វឱ្យកាន់តែច្រើន ដើម្បីជាម្ហូបអាហារ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផង និងអាចលក់ដូរយកថវិកាសងជំពាក់បំណុលគេផង ហើយនៅសល់ខ្លះទុក សម្រាប់ធ្វើដើមទុនបន្តអភិវឌ្ឍកន្លែងចម្ការរបស់ខ្លួនបន្ថែមទៀត៕