ខេត្តប៉ៃលិន ៖
បុរសម្នាក់ ធ្លាប់ជាប់ពន្ធនាគារព្រៃសអស់រយ:ពេល៣ឆ្នាំ ក្នុងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ លុះទើបតែចេញបានរយ:ពេល៥ខែ ស្រាប់តែធ្វើសកម្មភាពចូលលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងក្រុងប៉ៃលិន ត្រូវបាននគរបាលចាប់ឃាត់ខ្លួនរៀបចំសំនុំរឿងបញ្ជូនទៅ តុលាការបន្តទៀត។ ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុង ភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវជនសង្ស័យចូលគាស់មាន ឈ្មោះ ឃឹម មុន្នីកុសល ភេទប្រុស រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្រោយទទួលបាន ព័ត៌មានភ្លាម កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋានក្រុងប៉ៃលិន សហការជាមួយប៉ុស្តិ៍នគរបាល រដ្ឋបាលអូរតាវ៉ៅ ចុះទៅដល់កន្លែងកើតហេតុ ដោយឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលអូរតាវ៉ៅ។ ជនសង្ស័យឈ្មោះ កាន ម៉ារីន ភេទប្រុស អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (លទ្ធផលតេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន+) និងជាមុខសញ្ញាចាស់មិនរាងចាលធ្លាប់ជាប់ពន្ធនាគារ ព្រៃសអស់រយៈពេល០៣ឆ្នាំ ដោយសារករណីជួញដូរគ្រឿងញៀន ហើយទើបតែចេញពីពន្ធនាគារបានរយៈពេល៥ខែប៉ុណ្ណោះ ក៏ធ្វើសកម្មភាពលួចបន្តទៀត។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់អូរតាវ៉ៅ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ០១ករណី និងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលល្វា បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ០១ករណី សរុប០២ករណី ដូចខាងក្រោ ម ទី១- ករណីលួចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះ ឈ្មោះ ឈិត ឈី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បាត់ទូរស័ព្ទដៃចំនួន២គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០២សន្លឹក និងថវិកាមួយចំនួន។ ទី២- ករណីលួចថ្ងៃទី២១ សីហា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ហឹម ចន្ទ្រា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បាត់ត្បូងចំរុះ០៦គ្រាប់ ទូរស័ព្ទដៃ០១គ្រឿង,លោហ:ធាតុពណ៌លឿងចំនួន០៣ខ្សែ (កាឡៃ) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក,ក្រដាសពន្ធម៉ូតូ១សន្លឹក, កាតវ៉ាក់សាំង០១សន្លឹក និងថវិកា៥០,០០០រៀល។ ប្រភពបញ្ជាក់ថា ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់បានលួចនៅក្នុងសង្កាត់អូរតាវ៉ៅ និងសង្កាត់ទួលល្វា កាលពីថ្ងៃទី១៨-២១ ខែសីហា ឆ្នាំ២០២២ និងបានឆែកឆេរលើដងខ្លួន ដកហូតសម្ភារៈវត្ថុតាងរួមមាន ៖ ទូរស័ព្ទម៉ាកអូរប៉ូចំនួន០៤គ្រឿង កាតវីងចំនួន០១សន្លឹក កាតលីហួចំនួន០១សន្លឹក ប័ណ្ណបើកបរប្រភេទខ ឈ្មោះ ឈិត ឈី ០១សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ នាង សុជា ១សន្លឹក លោហៈធាតុពណ៌លឿងចំនួន០៤ខ្សែ (ខ្សែកចំនួន០៣ខ្សែ ក្នុងនោះខ្សែដៃ០១ខ្សែកាឡៃ)។ ត្បូងចំរុះ០៥គ្រាប់ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅបិតតែមឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ1AJ- 3077 ចំនួន០១គ្រឿង។
បើតាមការរៀបរាប់ពីប្រជាពលរដ្ឋ ឈ្មោះ ឈិត ឈី ភេទប្រុស អាយុ៣៤ឆ្នាំ និង ឈ្មោះ ហឹម ចន្ទ្រា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានបាត់បង់ទ្រព្យសម្បត្តិ ស្នើឲ្យសមត្ថកិច្ចនគរបាល ចាត់ការជនសង្ស័យខាងលើទៅតាមផ្លូវច្បាប់។ តែដោយសារមានករណីលួច ជារៀងរាល់យប់ថ្ងៃបែបនេះ ធ្វើឱ្យពួកគាត់ មានការព្រួយបារម្ភយ៉ាងខ្លាំង ដេកមិនលក់ បក់មិនល្ហើយ ខ្វល់ខ្វាយពីភា ពអន្តិសុខក្នុងភូមិ ជាពិសេសបញ្ហាភូមិឃុំមានសុវត្ថិភាពតែម្តង។ ពួកគាត់សង្ឃឹមថា សមត្ថកិច្ចនឹងចុះល្បាតរាល់យប់ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅមានភាពកក់ក្តៅផងដែរ៕