ខេត្តប៉ៃលិន ៖
មានករណីរថយន្តខ្នាតយក្សមួយគ្រឿង បានក្រឡាប់ផ្ងាជើងនៅក្បែររង្វង់មូលសាលាក្រៅ ខណៈបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្ន លុះភាំងស្មារតី បួងចង្កូតទៅខាងស្ដាំ បណ្តាលឱ្យក្រឡាប់ផ្ងាជើងចាក់ចំណីសត្វពេញមុខផ្ទះប្រជាពលរដ្ឋ រងរបួសតៃកុងម្នាក់ និងរងការខូចខាតរថយន្តយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីនគរបាល ស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ចាន់ សិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសស្រាល មានស្រុកកំណើតនៅខេត្តស្វាយរៀង ដោយបើកបររថយន្តម៉ាកហ៊ីណូ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0478 ដឹកចំណីសត្វទម្ងន់ជាង១០តោន ។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើបើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះដល់ក្បែររង្វង់មូលសាលាក្រៅ ស្រាប់តែវាក់ ដោយមើលមិនច្បាស់ ក៍បួងចង្កូតទៅខាងស្ដាំដៃពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងាជើងចាក់ចំណីសត្វពេញមុខផ្ទះប្រជាពលរដ្ឋ សង្កត់បាក់រោងមុខផ្ទះ បែកកញ្ចក់ផ្នែកខាងមុខរថយន្តខ្ទេចខ្ទី រងរបួសតែម្តង។
ប្រភពបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ មន្ត្រីនគរបាល បានចុះទៅត្រួតពិនិត្យវាស់វែង និងរាយការណ៍ទៅខាងមន្ទីរជំនាញ ដើម្បីធ្វើការពិនិត្យមើលការខូចខាតផ្លូវ និងឱ្យចេញថ្លៃជួសជុលសងផងដែរ។ ក្រោយមកថៅកែក្រុមហ៊ុនចំណីសត្វ បានយករថយន្តទៅផ្ទេរដាក់រថយន្ត១គ្រឿងទៀត។ រីឯរថយន្តដែលខូចខាតខាងលើត្រូវគេយកទៅជួសជុលនៅក្នុងក្រុងប៉ៃលិន៕