ខេត្តប៉ៃលិន ៖
ចាប់តាំងពីម៉ោង៧ និង០០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ នៅទូទាំងខេត្តប៉ៃលិន គេសង្កេតឃើញផ្ទៃមេឃប្រែទៅជាខ្មៅអួរអាប់ ងងឹតស្លុបសូន្យសុង លុះមួយសន្ទុះក្រោយមក ក៏បង្កទៅជាភ្លៀង១មេយ៉ាងធំ ហើយបន្តធ្លាក់រហូតដល់វេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃ ដ ដែល នៅមិនទាន់រាំងភ្លៀងនៅឡើយទេ ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន មានការព្រួយបារម្ភ ពីជំនន់ទឹកភ្លៀងកើតឡើង ធ្វើឱ្យលិចលង់ផ្នែកខាងក្រោមសារជាថ្មីម្តងទៀត ចំពោះលំនៅឋាន និងដំណាំដាំដុះរបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសាលាក្រៅ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ នៅថ្ងៃចុងខែសីហា ឆ្នាំ២០២២នេះ មានករណីភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ហើយក៏មានរយ:ពេលយូរ ដែលធ្វើឱ្យពួកគាត់ម្នាក់ៗ មានការព្រួយបារម្ភ ព្រោះកម្លាំងទឹកភ្លៀង ពេលនេះ កំពុងហូរត្របាញ់ចុះពីលើភ្នំ ប្រមូលផ្តុំគ្នា ធ្លាក់ចូលទៅក្នុងដងស្ទឹង ធ្វើឱ្យកំពស់ទឹកស្ទឹង ហក់ឡើងយ៉ាងខ្ពស់ត្រដែតស្ទើរតែដល់បាតស្ពានតែម្តង។ ប្រភពបន្តទៀតថា បើសិនជាភ្លៀងនៅតែបន្តធ្លាក់ជាប់ជានិច្ចបែបនេះទៀត អាចនឹងបង្កជាជំនន់ទឹកភ្លៀងលិចភូមិមួយចំនួនរបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសាលាក្រៅជាក់ជាមិនខាន។ ប្រភពដដែ លបញ្ជាក់ទៀតថា ដូច្នេះ ពួកគាត់ក៏មានការត្រៀមខ្លួនជាស្រេច ក្នុងការជម្លៀសរកទីទួលសុវត្ថិភាព បើសិនជាទឹកជនន់លិចលំនៅឋានពេលយប់នេះ។ ចំណែក អ្នកដែលបានចេញទៅចម្ការ បាននាំគ្នាត្រឡប់មកផ្ទះវិញអស់ហើយ ដើម្បីជួបជុំក្រុមគ្រួសារ ក្រែងមានបញ្ហាគ្រោះធម្មជាតិកើតឡើង ក្រោយភ្លៀងខ្លាំងនៅថ្ងៃនេះ។
ចំណែកខាងរដ្ឋបាលខេត្តប៉ៃលិន ក៏ចាប់ផ្តើមចាត់ឱ្យមន្រ្តីក្រោមឱវាទ ត្រៀមខ្លួនជាស្រេច ដើម្បីចុះទៅតាមដានមើលសកម្មភាពទឹកភ្លៀង ដែលកំពុងតែធ្លាក់ខ្លាំង អស់រយ:ពេលជាច្រើនម៉ោងគួរឱ្យកត់សម្គាល់នេះ។ បើសិនជាមានការលិចលង់ នៅត្រង់តំបន់ណាមួយ ក្នុងស្រុកសាលាក្រៅ អាជ្ញាធរមូលដ្ឋាននឹងឱ្យក្រុមការងារចុះទៅជួយសង្ក្រោះប្រជាពលរដ្ឋ និងសត្វចិញ្ចឹមភ្លាមៗ យកទៅដាក់នៅកន្លែងខ្ពស់ ដើម្បីរក្សាសុវត្ថិភាពផងដែរ។ សូមបញ្ជាក់ថា កាលពីដើមខែសីហា ឆ្នាំ២០២២ កន្លងទៅ មានករណីគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង បានកើតឡើង បណ្តាលឱ្យលិចលង់ភូមិមួយចំនួនក្នុងស្រុកសាលាក្រៅ បង្កឱ្យខូចខាតដំណាំពោតក្រហម ដំឡូងមី និងលិចទ្រុងសត្វជ្រូកចិញ្ចឹមរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។ តែមិន បង្កឱ្យមានបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឬសត្វនោះទេ៕