ខេត្តប៉ៃលិន ៖ 

មានករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តសណ្តោងរុឺម៉កថៃ និងគោយន្ដកែឆ្នៃដឹកសម្ភារៈលក់តាមភូមិ ០១ករណី បណ្តាលឲ្យក្រឡាប់កំពប់ទំនិញកសិផលពេញផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង១០នាទី ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិ៥៧ ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យខូចខាតរថយន្តមធ្យម០១គ្រឿង,ខូចខាតរថយន្ត២គ្រឿង តែមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។




ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ភាគីខាងជនរងគ្រោះ មាន ឈ្មោះ សួន អ៊ុក ភេទប្រុស អាយុ២៦ឆ្នាំ  ជនជាតិខ្មែរ រស់នៅភូមិបឹងអន្ទូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្ដព្រៃវែង ដោយបេីកបររថយន្ដកែឆ្នៃ ពណ៌ត្រួយចេក គ្មានស្លាកលេខ គ្មានរបួស ក្នុងទិសដៅពីលិចទៅកើត បានចតឈប់ក្បែរចិញ្ចើមផ្លូវ។ ចំណែកភាគីបង្ក ឈ្មោះ ភី រ៉ាសាក់ PHI RASAK ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ បើកបររថយន្តម៉ាក អ៊ីស៊ុយស៊ុយ ISUZU ពណ៌ស្វាយ ពាក់ផ្លាក លេខចាន់បូរី៧០ -២០៦៦ គ្មានរបួស បើកបរក្នុងទិសដៅ ពីលិចទៅកើត (បើកគៀរថយន្តជនរងគ្រោះ បណ្តាលឲ្យរថយន្តបង្ក មានការក្រឡាប់ផ្ងារជើងនៅលើដងផ្លូវ បណ្តាលឲ្យខូច ខាតមធ្យម)។ ក្រោយពេលកើតហេតុជំនាញការិយាល័យសាធារណៈការ និងដឹកជញ្ជូនក្រុងប៉ៃលិន បានចូលរួមពិនិត្យលើការខូចខាតផ្លូវ និងឱ្យសងថ្លៃខូចខាតផ្លូវចំនួន១៥០$។ ចំណែកកម្លាំងសមត្ថកិច្ច បានធ្វើកិច្ចសន្យាអប់រំណែនាំនៅនឹងកន្លែងដល់អ្នកបើកបរមិនឲ្យមានការធ្វេសប្រហែសក្នុងការបើកបររថយន្ត ព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់ផងដែរ។សូមបញ្ជាក់ថា មូលហេតុបណ្តាលមកពីកត្តាមនុស្សបេីកបរខ្វះការប្រុងប្រយ័ត្ន។ទោះបីជាយ៉ាងណា ករណីខាងលើនេះ ភាគីទាំងសងខាងបានស្រុះស្រួលគ្នាបញ្ចប់នៅនឹងកន្លែងកើតហេតុតែម្តង៕