ខេត្តប៉ៃលិន ៖ 

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន៤០គ្រួសារ រស់នៅក្នុងក្រុងប៉ៃលិនបាននាំគ្នាមកទទួលអំណោយស្បៀងពីសប្បុរសជន ដែលពិធីចែកអំ ណោយនេះ ធ្វើឡើងនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មានការអញ្ជើញចូលរួមពីលោក សំ សារឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន លោក នឹម អឿន ចៅ សង្កាត់ប៉ៃលិន ដោយមានមេភូមិប៉ាហ៊ីត្បូងចូលរួមផងដែរ។ 



ក្រោយពីលោក នឹម អឿន ចៅសង្កាត់ប៉ៃលិន បានធ្វើមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះម្ចាស់អំណោយ ដែលបានផ្តល់ជូនប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាតចំនួន៤០គ្រួសារ ហើយអំណោយស្បៀងទាំងនោះប្រគល់ជូនប្រជាពលរដ្ឋក្នុង១គ្រួសារ អង្ករ២០គីឡូក្រាម មីយ៉ាំយ៉ាំ១កេស ប្រេងឆា១ដប ស្ករស១គីឡូក្រាម និងអំបិលអ៊ីយ៉ូត១ថង់ផងដែរ។ លោកក៏សូមជូនពរដល់ម្ចាស់អំណោ យ ដែលមានចិត្តសប្បុរសលះបង់ទ្របសម្បត្តិផ្ទាល់ខ្លួន យកមកផ្តល់ជូន ឬធ្វើបុណ្យទាន់ខែភ្លឺជូនដល់ប្រជាពលរដ្ឋ ដែលកំពុងតែត្រូវការ ឱ្យមានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និងប្រកបការងារ ទទួលបានជោគជ័យគ្រប់ពេលវេលាផងដែរ។ 


ចំណែកលោក  សំ សារឿន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ អំណោយទាំងនេះ ពិតជាមានការចូលរួមចំណែកយ៉ាងប្រសើរជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាត កំពុង តែត្រូវការ។ លោកក៏ណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ចេះថែទាំខ្លួនប្រាណ រក្សាអនាម័យឱ្យបានស្អាតល្អ ជៀសវាងកើតជំងឺរោគាផ្សេងៗ ព្រោះយើងក្រ ហើយបើមានជំងឺថែមទៀត ពិតជាមានការលំបាកខ្លាំង។ លើសពីនេះ សូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវណែនាំកូនចៅរបស់ខ្លួន កុំឱ្យសេពគប់មិត្តភក្តិមិនល្អ នាំគ្នាគេចវេសសាលារៀន និងសេពគ្រឿងញៀន ធ្វើឱ្យខូចសុខភាព និងអនាគតថែមទៀតផង។ ហើយ ក៏ត្រូវប្រុងប្រយ័ត្នចំពោះករណីគ្រោះថ្នាក់ចរាចរ ត្រូវពាក់មួកសុវត្ថិភាព ឱ្យបានជាប់លាប់ជានិច្ច ជៀសវាងកើតមានបញ្ហាប៉ះក្បាលនាំឱ្យបាត់បង់ជីវិត ឬគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ ៕