ខេត្តប៉ៃលិន ៖
ស្រ្តីសមាជិកភូមិម្នាក់រងរបួសថ្ងាស និងជាំមុខ ដោយសារប្អូនប្រុសបង្កើតដាល់ត្រូវ ខណៈឈ្លោះប្រកែកគ្នារឿងមើលម្តាយដេកឈឺនៅក្នុងផ្ទះ។ លុះប្រកែកគ្នាចុះឡើងៗក៍បង្កហិង្សារងរបួសតែម្តង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីថ្ងៃទី០៦ ខែកញ្ញា ឆឆ្នាំ២២២ ស្ថិតនៅក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ។ ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ប៉ែន ចាន់ថន ភេទស្រី អាយុ៥០ឆ្នាំ ជាសមាជិកភូមិ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យ)។
ចំណែកជនសង្ស័យ មាន ឈ្មោះ ប៉ែន ចាន់រ៉ាម ភេទប្រុស អាយុ៤៣ឆ្នាំ ជាកសិករ រស់នៅភូមិជាមួយគ្នា ត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា កម្លាំងផែននគរបាលយុត្តិធម៌នៃ អធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្តឹងករណីហិង្សាក្នុងគ្រួសារ កើតឡើងនៅ ចំណុចផ្ទះ លោកស្រី ប៉ែន ចាន់ថន ជាសមាជិកភូមិ។ ដោយនៅថ្ងៃកើតហេតុ ជនសង្ស័យខាងលើ បានជិះម៉ូតូមកដល់ផ្ទះ ជនរងគ្រោះជាបងស្រី ដើម្បីមើលម៉ែឈឺ។ តែពេលមកដល់ក៏បាននិយាយថា ហេតុអីមិនមើលថែម៉ែឲ្យបានល្អ ហើយថ្នាំដែលទិញមកម៉េចមិនដាក់ឲ្យម៉ែលេប។ ពេលនោះ ជនរងគ្រោះជាបងស្រី បានឆ្លើយតបថាបើគាត់មិនដឹងថ្នាំអីផង បើឱ្យម៉ែលេបអាចនឹងមានគ្រោះថ្នាក់ ទើបបង្កជាមានទំនាស់ពាក្យសម្ដីគ្នាទៅវិញទៅមក រហូតឈានដល់វ៉ៃគ្នាតប់គ្នាទៅវិញទៅមកដោយប្រើដៃនិងដៃ បណ្ដាលឲ្យមានស្នាមហើមជាំនៅ ចំថ្ងាស និងរបួសហូរឈាមតែម្តង។ បើយោងតាមពាក្យបណ្តឹងនិងសំណូមពររបស់ដើមបណ្តឹងដែលជាជនរងគ្រោះ សំណូមពរឲ្យកម្លាំងសមត្ថកិច្ចអនុវត្តតាមនីតិវិធី៕