ខេត្តប៉ៃលិន ៖ 

ភ្លៀងធ្លាក់ខ្លាំងស្ទើររាល់ថ្ងៃ រហូតមកដល់វេលាយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ខ្លាំង១មេបន្ថែម នៅផ្នែកខាងលើនៃតំបន់ផ្ទៃរងទឹកភ្លៀង ចំណុចអូរដូនតា កម្រិតទឹកទឹក (លើសពី៥០.ម.ម) ធ្វើឱ្យទឹកជន់ខ្លាំងរាចសាចលើផ្លូវ ទើបក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានបើកទ្វារទឹក នៅសំណង់ធារាសាស្ត្រកូនដំរី និងសំណង់ផ្ទះស្បូវ ដើម្បីសម្រកទឹកឲ្យអស់ពីអូរ ក្នុងគោលបំណងកាត់ បន្ថយជំនន់ទឹកភ្លៀង នៅភូមិមួយចំនួននៃឃុំស្ទឹងត្រង់ ។ រហូតមកដល់វេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ ទឹកបានបន្តឡើងពេញអូរ និងកំពុងបន្តកើនឡើងបន្ថែមទៀត តែពុំទាន់បង្កជាជំនន់នៅឡើយទេ។






បើតាមការឱ្យដឹងពីលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានឲ្យដឹងថា ៖ ទឹកអូរហក់ឡើងខ្ពស់នៅរយៈពេល២ថ្ងៃនេះ ជាហេតុធ្វើឱ្យមានការព្រួយបារម្ភពីការជន់លិចលង់ក្នុងភូមិមួយចំនួននៅក្នុងស្រុកសាលាក្រៅ ហើយខាងលោកក៏បានដឹកនាំមន្ត្រីចុះទៅបើកទ្វារទឹក ដើម្បីសម្រួលឱ្យទឹកឆាប់ស្រកទៅផ្នែកខាងក្រោម។ លោកបានបន្តទៀតថា ប៉ុន្តែរហូតមកដល់ថ្ងៃត្រង់នេះ ដោយសារមេឃបានរាំងភ្លៀងទៅវិញ ទឹកនៅតាមដងអូរ ក៍បានស្រកចុះវិញហើយដែរ។ ទោះបីជាយ៉ាងណាខាងលោកក៏បានធ្វើការត្រៀមខ្លួនជាស្រេចដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់ ៕