ខេត្តប៉ៃលិន ៖ 

បុរសម្នាក់បើកបរម៉ូតូយ៉ាងលឿន លុះដល់ក្បែរកន្លែងធ្វើការបានបត់ឆ្វេងភ្លាមៗ អត់បើកភ្លើងស៊ីញ៉ូ លុះម៉ូតូជនរងគ្រោះ ដែលបើកបរមកពីក្រោយក្នុងល្បឿនលឿនដែរ ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពេញទំហឹង បណ្តាលឱ្យដួលទាំងពីរគ្រឿងរងរបួសធ្ងន់ស្រាល៣នាក់តែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង០០នាទីយប់ ថ្ងៃទី០៩ ខែតុលា  ឆ្នាំ ២០២២ នៅចំណុចហាងកាហ្វេ៩៩ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ស្រាល០៣នាក់ និងខូចខាតម៉ូតូ០២គ្រឿង។


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ អ្នកបើកបរម៉ូតូភាគីទី១. ឈ្មោះ ប៊ូន ហុន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាកសង់ឌ្រីមស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន ១A- ០៨២១ (រងរបួសបាក់ជើងស្ដាំ)។ អ្នករួមដំណើរ ឈ្មោះ សាន់ សូផាត ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិ ន (ត្រូវជាប្រពន្ធ រងរបួសភ្លាត់ក្រគៀក)។ ចំណែកអ្នកបើកបរម៉ូតូភាគីទី២ ឈ្មោះ ត្រេស ធំ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាកសង់ឌ្រីស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន ១C -៤៥១៩ (របួសកម្រិតស្រាល)។



ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង បើកបរក្នុងល្បឿនលឿន ហើយក៏មានម៉ូតូ១គ្រឿងទៀត បើកពីក្រោយ លុះអ្នកខាងមុខបត់ភ្លាមៗ ដើម្បីចូលកន្លែងធ្វើការ ដោយគ្មានការប្រុងប្រយ័ត្ន បើកស្របទិសគ្នា ស្រាប់តែម៉ូតូដែលបើកបរមកពីក្រោយបានបុកម៉ូតូខាងមុខពេញទំហឹងដួលប្រាវរងរបួសធ្ងន់ស្រាលតែម្តង។ ប្រភពបញ្ជាក់ទៀតថា កត្តាមនុស្សបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នភាគីទី១. បត់ឆ្វេងដោយគ្មានបើកភ្លើងស៊ីញ៉ូ បណ្តាលអោយម៉ូតូភាគីទី២. ជ្រុលទៅបុកពីក្រោយពេញទំហឹងដួលបែប នេះតែម្តង។ ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន ៖ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកឯម៉ូតូទាំង០២គ្រឿងខាងលើ ត្រូវបានដកហូតយកទៅរក្សាទុកនៅទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕