ខេត្តប៉ៃលិន ៖
ស្រ្តីវ័យចំណាស់ម្នាក់ បានចាប់យកមុខរបរដាំ ដំណាំស្ត្រប័ររី ដែលមានផ្លែតូចៗ មានរសជាតិជូរអែម មានវីតាមីនម្យ៉ាង នៅលើដីក្បែរផ្ទះរបស់ខ្លួន អស់រយ:ពេលជាង៣ឆ្នាំមកហើយ ដើម្បីបេះលក់យកថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ តែរហូតមកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ដោយសារភ្លៀងធ្លាក់ញឹកញាប់ខ្លាំងពេក ធ្វើឱ្យផ្លែស្ត្រប័ររីក្លាយទៅជាស្អុយរលួយរងការខូចខាតអស់ជាច្រើន ធ្លាក់ចុះនូវទិន្នផល។ តែទោះបីជាយ៉ាងណា កសិកររូបនេះ មិនអស់សង្ឃឹមឡើយ គាត់នៅតែបន្តថែទាំបាចស្មៅ និងដាក់ជីធម្មជាតិ ដើម្បីឱ្យដំណាំនេះ លូតលាស់កាន់តែល្អថែមទៀត លុះដល់រដូវរាំងភ្លៀង អាចនឹងប្រមូលផលបេះលក់បានច្រើនដូចដើមវិញ។
បើតាមការរៀបរាប់ពីស្រ្តីម្នាក់ ឈ្មោះ ព្រំ សុថេង អាយុ៦០ឆ្នាំ រស់នៅក្នុងភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ គាត់បានប្រកបមុខរបរដាំដំណាំស្ត្រប័ររីនេះ អស់រយ:ពេលជាង៣ឆ្នាំមកហើយ ដោយមុនដំបូង គាត់ដាំតិចតួចប៉ុណ្ណោះ ដើម្បីយកបទពិសោធន៍ លុះក្រោយមកមានអ្នកលក់ដូរនៅផ្សារចូលទៅទិញ ទើបគាត់ពង្រីកដើមបន្តែមទៀតជាហូរហែ ក៏មានអតិថិជនជាច្រើនចូលទៅកម្មង់ទិញដើមយកទៅដាំ និងទិញផ្លែយកទៅហូប ទើបគាត់រៀបចំធ្វើរោង ដាំរហូតដល់ជាង៥០០០ដើម។ គាត់បន្តទៀតថា តែមានបញ្ហាឧបសគ្គធំៗ ដែលត្រូវប្រុងប្រយ័ត្ន គឺសត្វដង្កូវ ហើយនឹងក្រាស៊ី បើមិនដឹងអំពីបញ្ហានេះ ដំណាំស្រ្តប័ររី អាចនឹងងាប់អស់ជាច្រើន ហើយក៏ត្រូវប្រុងប្រយ័ត្នចំពោះធុងបាញ់ថ្នាំស្មៅ មិនត្រូវឱ្យមានថ្នាំសម្លាប់ស្មៅនោះឡើយ គឺអាចនឹងងាប់អស់ផងដែរ ។
គាត់បញ្ជាក់ថា ចំពោះតម្លៃទីផ្សារវិញ គាត់លក់ផ្លែស្ត្រប័ររី ១គីឡូក្រាម តម្លៃចាប់ពី២៥០០០ ដល់៣០០០០រៀល ហើយក៏មានម៉ូយនៅផ្សារសាមគ្គី និងភ្ញៀវទេសចរណ៍ នាំគ្នាចូលមកទិញយ៉ាងច្រើន ដែលអាចឱ្យគាត់រកប្រាក់ចំណូលបានក្នុង១ថ្ងៃចាប់ពី៥ទៅ១០ម៉ឺនរៀលផងដែរ។ តែរហូតមកដល់ពេលនេះ ដោយសារតែភ្លៀងធ្លាក់ជោកជាំខ្លាំងពេក ធ្វើផ្លែស្ត្រប័ររីរបស់គាត់ក្លាយទៅជា រលួយមិន អាចប្រមូលផលលក់បានទេ។ រីឯដើមស្ត្រប័ររី បើប្រជាពលរដ្ឋ ឬអតិថិជន ចង់បានយកទៅដាំ គាត់លក់ក្នុង១ដើមតម្លៃ១ម៉ឺនរៀល ៕