ខេត្តប៉ៃលិន ៖ 

យុវជន២នាក់ រងរបួសត្រូវគេដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ខណ:ស្រវឹងស្រាជោកជាំ លុះបើកម៉ូតូក្នុងល្បឿនលឿនត្រង់ផ្លូវចុះចំណោត ក៏ជ្រុលទៅបុករថយន្តមន្រ្តី គយផ្នែកខាងមុខ ដួលប្រាវរងរបួសទាំងពីរនាក់តែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយនឹងរថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចផែស្ងួត ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យរងរបួសម្នាក់ ខូចខាតរថយន្ដ០១គ្រឿង និងម៉ូតូ០១គ្រឿង។


ប្រភពបន្តទៀតថា ៖ អ្នកបើកបររថយន្តមាន ឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរជាមន្ត្រីគយ (គ្មានរបួស) មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិ ន ដោយបើកបររថយន្តម៉ាក HYUNDAI GRAND STAREX ស៊េរីឆ្នាំ២០១០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2D-0444  (រងការខូចខាតបែកចង្កៀងស្តុបមុខផ្នែកខាងឆ្វេង)។ ចំណែកអ្នកបើកបរម៉ូតូ ឈ្មោះ ឈាង ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំមុខរបរកសិករ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាក វ៉េវពណ៌ក្រហម គ្មានស្លាកលេខ (រងរបួសជើងខាងឆ្វេង និងរលាត់ដៃរលាត់ជើង) និងអ្នករួមដំណើរឈ្មោះ អាន ស៊ឺ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (របួសស្រាល) ។


ប្រភពបន្តតៀតថា ករណីនេះ គឺអ្នកបើកបរម៉ូតូ ស្ថិតក្នុងស្ថានភាពស្រវឹង គ្មានការប្រុងប្រយ័ត្ន បើកបញ្ចាស់ទិសគ្នាជាមួយនឹងរថយន្ត ខណ:ពេលដែលអ្នកជិះម៉ូតូក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ត្រង់ចំណុចផ្លូវចុះទួល ក៏ជ្រុលចង្កូតទៅបុករថយន្ដចំពីមុខ ប៉ះស្តុបខាងឆ្វេងពេញទំហឹង បណ្តាលឱ្យដួលប្រាវ រងរបួសតែម្ដង។ពាក់ព័ន្ធទៅនឹងបញ្ហានេះ បច្ចុប្បន្ន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានធ្វើកំណត់ហេតុដកហូតរថយន្ត និងម៉ូតូខាងលើ យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕