ខេត្តប៉ៃលិន ៖
រហូតមកដល់ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ផ្លូវមួយខ្សែប្រវែងជិត១០០ម៉ែត្រ នៅខាងក្រោយផ្សារព្រំថ្មី ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានទទួលរងការខូចខាត និងស្ទះប្រព័ន្ធលូ ហើយថែមទាំងហូរចូលទៅក្នុងផ្សារផងដែរ។ តែអាជ្ញាធរភូមិ នឹងចុះទៅត្រួតពិនិត្យមើល ដើម្បីឱ្យក្រុមការងាររៀបចំចុះស្តារឱ្យទឹកហូរតាមធម្មតាឡើងវិញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរផ្សារព្រំថ្មី បានរៀបរាប់ឱ្យដឹងថា ៖ ចាប់តាំងពីភ្លៀងធ្លាក់ជោកជាំរាល់ថ្ងៃ បណ្តាលឱ្យសំរាមហូរកកស្ទះ ក្នុងប្រព័ន្ធលូបង្ហូរទឹក ធ្វើឱ្យទឹកហូរលើផ្លូវលំដាច់ខូច រួចបន្តហូរចូលទៅក្នុងផ្សារ ជាហេតុនាំឱ្យមានការលំបាកធ្វើដំណើរ។ ប្រភពបន្តទៀតថា ប៉ុន្តែ គេមិនទាន់ឃើញមានអាជ្ញាធរមូលដ្ឋានណាម្នាក់ ចុះទៅពិនិត្យមើលនោះឡើយទេ ដោយពេលភ្លៀងម្តងៗ ទឹកបានហូរនាំសំរាម និងថង់ប្លាស្ទិក យកទៅចាក់ចោលនៅក្បែរមាត់លូផ្សារព្រំថ្មី។ ពួកគាត់ក៏សំណូមពរឱ្យមន្រ្តីសាលាឃុំស្ទឹងកាច់ និងមន្រ្តីសាលាស្រុកសាលាក្រៅ នាំគ្នាចុះពិនិត្យ និងជួយសម្រួលដល់ប្រព័ន្ធលូបង្ហូរទឹកខាងលើនេះផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហាននេះលោក ព្រាប សារុន មេភូមិផ្សារព្រំជើង បានរៀបរាប់ឱ្យដឹងថា ៖ បញ្ហាទឹកភ្លៀង បាបហូរនាំកាកសំណល់ស្លឹកឈើ និងថង់ប្លាស្ទិកតាមផ្លូវលំខាងលើ ហើយទឹកនេះ ហូរនៅលើផ្លូវថ្នល់ បណ្តាលឱ្យទទួលរងការខូចខាតយ៉ាងដំណំ។ តែរហូតមកដល់ពេលនេះ ដោយសារមានភ្លៀងធ្លាក់ខ្លាំងពេក មិនទាន់អាចនឹងចុះទៅរៀបចំស្តារឱ្យទាន់ពេលវេលានោះទេ លុះត្រាតែមេឃរាំងភ្លៀងបន្តិចសិន ទើបខាងលោកនឹងដឹកនាំក្រុមការងារចុះទៅស្តារប្រព័ន្ធលូខាងលើនេះ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅត្រង់តំបន់នេះ៕