ខេត្តប៉ៃលិន ៖ ក្រោមការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន លោក ហុក សុផល អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានដឹកនាំក្រុម ការងារ ក្រុមប្រឹក្សា និងចៅសង្កាត់ទាំងបីសង្កាត់រួមមាន ៖ សង្កាត់ប៉ៃលិន សង្កាត់អូរតាវ៉ៅ សង្កាត់ទួលល្វា កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ សហការជាមួយក្រុមយុវជន ស.ស.យ.ក ខេត្ត បានធ្វើការបើកយុទ្ធនាការទ្រង់ទ្រាយធំ ដើរសម្អាតអនាម័យរើសសម្រាមនៅតាមចិញ្ចើមផ្លូវទូទាំងក្រុងប៉ៃលិន។
នៅក្នុងការបើកយុទ្ធនាការរើសសំរាមសំអាតអនាម័យទីក្រុងនេះ លោក ហុក សុផល អភិបាល រងខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ដើម្បីបំផុសចលនា ឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ចេះស្រឡា ញ់បរិស្ថាន និងថែរក្សាសុខភាពផ្លូវដង្ហើមក្នុងការរស់នៅប្រចាំថ្ងៃ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំឱ្យរៀបចំប្រមូលកម្លាំងចុះដើរសំអាតនៅតាមចិញ្ចើមផ្លូវ រើសថង់ប្លាស្ទិក ទូទាំងក្រុងប៉ៃលិន។ លោកបន្តទៀតថា បញ្ហាសំរាមនេះ ពិតជាប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមខ្លាំង និងធ្វើឱ្យបាត់ បង់នូវសោភ័ណភាពទីក្រុងថែមទៀតផង។ ដូច្នេះ ដើម្បីរក្សាបរិស្ថាន និងបង្កើនស្មារតីឱ្យប្រជាពលរដ្ឋចេះស្រឡាញ់បរិស្ថានទីក្រុងប៉ៃលិន ព្រោះជាកន្លែងរស់នៅរបស់ខ្លួន ក្រុមការងារបានធ្វើជាគំរូដល់ប្រជាពលរដ្ឋឱ្យឃើញសកម្មភាព ដើម្បីឱ្យពួកគាត់ចេះអៀនខ្មាស់មិនហ៊ានចោលសំរាមផ្តេសផ្តាស់។ លើសពីនេះ រដ្ឋបាលខេត្ត ក៏បានចាត់ឱ្យក្រុមការងារយកគ្រឿងចក្រទៅស្តារប្រឡាយប្រព័ន្ធលូ ដែលកំពុងស្ទះទឹកនៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខណ:ភ្លៀងធ្លាក់ម្តងៗ ធ្វើឱ្យទឹកស្ទះចូលផ្ទះប្រជាពលរដ្ឋយ៉ាងខ្លាំង។
លើសពីនេះ ក្រុមការងាររដ្ឋបាលខេត្ត តែងតែដឹកនាំក្រុមការងារ ចុះរើសសំរាមសម្អាតទីក្រុង ជាប់ជានិច្ចដូចភ្លៀងរលឹម ដើម្បីងាយស្រួលក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកលេងក្នុងខេត្ត ប៉ៃលិន កាន់តែច្រើនកុះករផងដែរ៕ ដោយ ៖ នីយ៉ា