ខេត្តប៉ៃលិន ៖
រហូតមកដល់ថ្ងៃទី២២ វិច្ឆិកា ២០២២នេះ ក្រោយពីសង្កេតឃើញកូនជ្រូកនៅក្នុងទ្រុង កើតជំងឺ រាគុរស ក្អួតចង្អោរ មិនស៊ីអាហារ ធ្វើឱ្យកសិករម្នាក់ មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយគាត់ខិតខំប្រឹងប្រែង ស្វះស្វែងរកថ្នាំសង្កូវ ដើម្បីដាក់ព្យាបាលកូនជ្រូករបស់ខ្លួន។ ហើយជ្រូកខ្លះក៏បានធូរស្បើយឡើងវិញ តែមួយចំនួនបានងាប់ជាបន្តបន្ទាប់ ធ្វើឱ្យគាត់មានការសោកស្តាយយ៉ាងខ្លាំង។ បើតាមស្រ្តី ឈ្មោះ ច្រឹប អាយុ៤៥ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ គាត់បានចិញ្ចឹមជ្រូកមេ ជាង១០ក្បាល ដើម្បីបង្កើតកូនលក់ឱ្យប្រជាពលរដ្ឋនៅតាមភូមិទិញយកទៅចិញ្ចឹម ហើយរហូតមកដល់ពេលនេះ គាត់បានចិញ្ចឹមជ្រូកទាំងតូចទាំងធំប្រហែល១០០ក្បាល តែការលក់កូនជ្រូកក៏មានការធ្លាក់ថ្លៃផងដែរ ដោយកូនជ្រូក១ក្បាល លក់បានត្រឹម២០ម៉ឺនរៀល ពោលគឺតម្លៃទាបជាងពីមុន ក៏មិនសូវមានអ្នកទិញយកទៅចិញ្ចឹមច្រើនដែរ ទើបគាត់ពង្រីកទ្រុងបន្ថែមទៀត ដើម្បីចិញ្ចឹមឱ្យកាន់តែច្រើន។ តែអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺកូនជ្រូកតូចៗរបស់គាត់ដែលទើបនឹង បានរាគរុស ក្អួតចង្អោរ ធ្វើឱ្យគាត់មានការភ័យបារម្ភយ៉ាងខ្លាំង ក៏បានខិតខំស្វះស្វែងរកថ្នាំសង្កូវឱ្យផឹក និងហៅពេទ្យសត្វឱ្យចូលទៅព្យាបាល ក៏បានធូរស្បើយជាងមុន។ ទោះបីជាយ៉ាងណា អ្វីដែលគួរឱ្យបារម្ភជាងគេបំផុតនោះ គឺតម្លៃទីផ្សារសាច់ជ្រូករស់ក៏មានការធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ផងដែរ។
ចំណែកស្រ្តីម្នាក់ទៀត ឈ្មោះ ចែអូន រស់នៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យដឹងដែរថា ៖ គាត់ចិញ្ចឹមមេជ្រូកសម្រាប់បង្កើតកូនជាង១០ក្បាលដែរ ក៏មានជ្រូកសាច់សម្រាប់ លក់ជាង១០០ក្បាល ហើយកាលពីមុនកូនជ្រូករបស់គាត់ក៏ធ្លាប់មានបញ្ហារាគរុសក្អួតចង្អោរដែរ តែក្រោយពីលាងសម្អាតទ្រុង ដាក់ថ្នាំសម្លាប់មេរោគ ព្រមទាំងយកចិត្តទុកដាក់ថែទាំមើលពីអាការ:រោគ ពេលនេះជ្រូករបស់គាត់មិនមានបញ្ហាអ្វីនោះទេ។ តែអ្វីដែលគាត់ចង់បាននោះគឺសូមអំពាវនាវឱ្យសាច់ជ្រូករស់មានការឡើងថ្លៃជាងមុន ព្រោះចំណី ថ្នាំសង្កូវ គឺឡើងថ្លៃទាំងអស់។ ដូច្នេះ បើសាច់ជ្រូករស់ឈ្មួញទិញ១គីឡូក្រាមត្រឹមតែ៧២០០ទៅ៧៣០០រៀល គឺមានការខាតបង់ខ្លាំងណាស់ តែបើឈ្មួញទិញ១គីឡូក្រាមចាប់ពី១២០០០រៀលឡើងទៅ គឺគាត់អាចនឹងចំណេញ យកដើមទៅទិញចំណីឱ្យជ្រូក ស៊ីបន្តទៀត នៅសល់មួយចំនួនទុកសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ៕