ប៉ៃលិន ៖
រសៀលថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រ បានដឹកនាំក្រុមការងារគណៈអភិបាលខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋចំនួន១១៥០គ្រួសារ មកពីភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានជីវភាពក្រក្រី និងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តម បានពាំនាំផ្តាំសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ដាច់ស្បៀងស្លាប់ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។ អំណោយរបស់សម្តេចតេជោ ដែលផ្តល់ជូនពលរដ្ឋនាពេលនេះរួមមាន៖ ឃីត១ដុំ អង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ។