ខេត្តប៉ៃលិន ៖
ចាប់តាំងពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២រហូតដល់ម៉ោងប្រមាណ១២យប់ ថ្ងៃដដែល គេសង្កេតឃើញប្រជាពលរដ្ឋមកពីតាមបណ្តាភូមិឃុំស្រុក និងមន្រ្តីរាជការមួយចំនួននៅក្នុងខេត្តប៉ៃលិន បាននាំគ្នាចូលរួមកម្មវិធីដាល់អំបុក អកអំបុក ដោយមុនដំបូង ពួកគេ ចាត់ឱ្យអ្នកខ្លះលីងស្រូវ រហូតដល់ផ្ទុះក្លាយទៅជាគ្រាប់លាជ ទើបអ្នកខ្លះយកទៅដាល់ជាអំបុកយ៉ាងស្ទាត់ជំនាញ រហូតដល់វេលាម៉ោង១២យប់ថ្ងៃដដែល ទើបគេនាំគ្នាចាប់ផ្តើម ពុះដូងខ្ចី មានចេកទុំ លាយគ្នា ជាមួយអំបុក ចូលរួមធ្វើកម្មវិធីអកអំបុកយ៉ាង សប្បាយរីករាយ។
បើតាមប្រភពព័ត៌មាន ពីព្រះតេជគុណ អៀ ផន ព្រះមេគណខេត្ត និងជាព្រះចៅអធិការវត្តពោធិ៍មារាម ហៅវត្តប៉ាហ៊ី បានមានសង្ឃដិកាថា ៖ មិនខុសពីខេត្តនានាទូទាំងប្រទេសកម្ពុជានោះទេ នៅក្នុង ខេត្តប៉ៃលិន ក៏មានការរៀបចំធ្វើកម្មវិធីអកអំបុក សំពះព្រះខែផងដែរ ដោយមានប្រជាពលរដ្ឋ និងមន្រ្តីរា ជការ មកពីតាមភូមិជាច្រើន ចូលរួមក្នុងកម្មវិធីនេះយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ ព្រះតេជគុណបានបន្តទៀតថា នៅក្នុងខេត្តប៉ៃលិន អត់មានកម្មវិធីបុណ្យអុំទូកនោះទេ ព្រោះជាតំបន់ខ្ពង់រាប អត់មានទឹកស្ទឹងជ្រៅដូចខេត្តនានាមួយចំនួន ខណ:ដែលខេត្តនេះ នៅពេលដល់ខែត្រូវធ្វើកម្មវីធីម្តងៗ គ្រាន់តែរៀបចំ ផ្លែឈើផល្លានុផលផ្សេងៗ ដូចជា ផ្លែដូង ផ្លែម្នាស់ ផ្លែមៀនប៉ៃលិន ល្ហុង និងផ្លែឈើគ្រប់មុខ មានការបង្ហោះគោម កម្មវិធីដាល់អំបុក និងការលេងល្បែងរាំកម្សាន្តសប្បាយជាដើម។
ព្រះតេជគុណបញ្ជាក់ទៀតថា ការបង្ហោះគោមគឺជានិមិត្តរូប ដើម្បីបូជាថ្វាយដល់ព្រះជាម្ចាស់ ដែលគង់នៅឋានត្រៃយ៍ត្រឹង ឋានលើ ដោយយើងជាមនុស្សមិនអាចធ្វើដំណើរទៅដល់ មានតែនាំគ្នាបង្ហោះគោមផ្សង ជាពន្លឺដ៏ត្រចះត្រចង់ទៅកាន់ឋានលើប៉ុណ្ណោះ រួចរង់ចាំទទួលពរជ័យពីព្រះជាម្ចាស់ ឱ្យ ទទួលបានសុខសេរីសួស្តីជ័យមង្គលគ្រប់ប្រការ។ រីឯការធ្វើកម្មវិធីដាល់អំបុក អកអំបុក គឺជាការធ្វើតាមទំនៀមទម្លាប់ដូនតាខ្មែរយើងតៗ គ្នាជាយូរលង់ណាស់មកហើយ ដោយសារយប់ថ្ងៃនេះ ជាចុងនៃវស្សារដូវ ហើយថ្ងៃស្អែកគឺជាថ្ងៃ១រោច ខែកត្តិក ត្រូវជាដើមរដូវរំហើយ រដូវច្រូតកាត់ ជារដូវដែលប្រជាពលរដ្ឋត្រូវត្រៀមខ្លួនប្រមូលផលស្រូវ នាំគ្នាច្រូតកាត់នៅតាមវាលស្រែស្រូវរបស់ខ្លួន។ បន្ទាប់ពីច្រូតកាត់រួច ពួកគាត់យកស្រូវទាំងនោះមកដាល់ជាអំបុក ដើម្បីបានធ្វើទានប្រគេនដល់ព្រះសង្ឃ និងជូនដល់ចាស់ព្រឹ ទ្ធាចារ្យ ដែលគង់នៅក្នុងវត្តអារាម ត្រូវពេលចេញព្រះវស្សា។ ម្យ៉ាងវិញទៀត គឺដើម្បីឱ្យប្រជាពលរដ្ឋក្មេង ចាស់ប្រុសស្រី នាំគ្នាលេងកម្សាន្តសប្បាយជួបជុំមិត្តភក្តិបងប្អូននៅតាមទីវត្តអារាម ថែមទាំងនាំគ្នាលេងល្បែងប្រជាប្រិយជាដើម៕