ខេត្តប៉ៃលិន ៖ 

នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គេឃើញចំការ១កន្លែង ស្ថិតក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន កំពុងតែប្រមូលផលផ្លែមៀនប៉ៃលិន ហៅតាង៉ែន នាចុងរដូវ ខណ:តម្លៃទីផ្សារមិនមានការធ្លាក់ចុះខ្លាំងដូចកាលពីមុន ដែលអាចឱ្យប្រជាពលរដ្ឋទទួលយកបា ន។ 


បើតាមការរៀបរាប់ពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ អុន ភេទប្រុស អាយុ៤០ឆ្នាំ ប្រពន្ធ ឈ្មោះ ភ័ណ្ឌ រស់នៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ពួកគាត់បាន ម៉ៅចម្ការដំណាំមៀនប៉ៃលិន ហៅតាង៉ែន ជិត២០០ដើម ក្នុងតម្លៃ២០លានរៀល ពីម្ចាស់ ឈ្មោះ ម៉ៅ រស់នៅក្នុងក្រុងប៉ៃលិន ហើយក៏បានថែទាំស្រោចទឹក កាត់ស្មៅ ជាប្រចាំ រហូតមកដល់ពេលនេះ បានទទួលផល ដោយទុំពេញចម្ការអស់ហើយ ក៏នាំក្រុមគ្រួសារចូលទៅប្រមូលផល ដើម្បីដឹកយកទៅលក់ដូរនៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ី និងនៅតាមផ្សារនានា នៃបណ្តាខេត្តជាច្រើនទៀតដូចជា ផ្សារខេត្តបាត់ដំបង ផ្សារខេត្តបន្ទាយមានជ័យ ផ្សារខេត្តសៀមរាប ផ្សារខេត្តកំពង់ឆ្នាំង និងរហូតដល់ផ្សារនាគមាស រាជធានីភ្នំពេញផងដែរ។ 



ពួកគាត់បន្តទៀតថា ផ្លែមៀនប៉ៃលិន ពេលនេះ គឺធំថ្លោសល្អ ហើយមានរសជាតិផ្អែមឆ្ញាញ់ គាត់ បេះលក់ដុំបាន១គីឡូក្រាមតម្លៃ៣៥០០រៀល ខណ:លក់រាយក្នុង១គីឡូក្រាម តម្លៃ៤០០០ទៅ៥០០០រៀល ដោយគាត់ប្រមូលផលលក់បានប្រហែលជិតកន្លះតោនហើយ ក៏នៅសល់ជាច្រើនថែមទៀត កំពុង បេះដឹកយកទៅលក់ជាបន្តបន្ទាប់។ គាត់បញ្ជាក់ថា ដំណាំតាង៉ែន ហៅមៀនប៉ៃលិន គឺជាដំណាំមួយប្រភេទ ដែលត្រូវការបញ្ជា ដាក់ អកម៉ូនឱ្យចេញផ្កាផ្លែ ហើយក៏ត្រូវការដាក់ជីផ្សេងៗ ដើម្បីថែបំប៉នដើម និងផ្លែផងដែរ បើសិនជាកសិករ មិនដឹងពីរបៀបថែទាំ អាចនឹងទទួលរងការខាតបង់អស់ជាច្រើន៕