ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋ២គ្រួសារ ដែលបានបាត់គោ៣ក្បាល ត្រូវចោរចូលលួចពេលយប់មិនទាន់រកតំរុយឃើញនៅឡើយទេ។ ហើយធ្វើឱ្យពួកគាត់មានការព្រួយបារម្ភពីភូមិឃុំមានសុវត្ថិភាពយ៉ាងខ្លាំង។ សូមបញ្ជាក់ថា ការបាត់សត្វគោនេះ បានកើតឡើងនៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលការរាយការណ៍ពីប្រជាពលរដ្ឋថាមានករណី(លួចសត្វគោ) ចំនួន ០១ករណី ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ក្រោយពីទទួលបានពត៌មានខាងលើនគរបាលប៉ុស្តិ៍ បានសហការជាមួយកំលាំងជំនាញព្រហ្មទណ្ឌនៃអធិការនគរបាលស្រុកសាលាក្រៅ ចុះដល់កន្លែងកើតហេតុ ហើយបានសាកសួរទៅម្ចាស់គោ បានប្រាប់ថា បាត់គោចំនួន ០៣ក្បាល មាន០២ម្ចាស់ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន។




ម្ចាស់គោទី១ ឈ្មោះ ភួន នៅ ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរកសិករ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។ បានបាត់គោ០១ក្បាល គោមេ។ ម្ចាស់គោទី២ ឈ្មោះ មួង មុំ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។ បានបាត់គោចំនួន០២ក្បាល គោមេ១ក្បាល និងគោឈ្មួល១ក្បាល។ បើតាមការរៀបរាប់អំពីម្ចាស់គោទី១ បានឲ្យដឹងថា នៅវេលាម៉ោង ០៥:០០នាទីល្ងាច គាត់បានដឹកគោចងនៅក្បែរផ្ទះធម្មតាដូចរាល់ដង ហើយគាត់បានក្រោកមើលគោនៅវេលាម៉ោ ០២និង០០នាទីទាបភ្លឺ ដូចសព្វមួយដង ហើយគោនៅគ្រប់ចំនួនដល់ពេលគាត់ឡើងមើលគោនៅម៉ោង០៥ និង០០នាទីទាបភ្លឺម្ដងទៀត គាត់ក៏បានដឹងថាគោគាត់បានបាត់អស់ចំនួន០១ក្បាល។បច្ចុប្បន្ន៖ កម្លាំងជំនាញនៃអធិការដ្ឋាន-ស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ កំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ រកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕