រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៨ ធ្នូ ២០២២ - អេទីកា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនិងធានារ៉ាប់រងទូទៅ អេទីកា និងអង្គការ វ័តធឺអេតកម្ពុជា បានធ្វើការសហការសម្ភោធកម្មវិធីមួយដើម្បីនាំយកនូវការផ្គត់ផ្គង់ទឺកស្អាតជូនប្រជាពលរដ្ឋ ២០០ គ្រួសារនៅក្នុងភូមិមួយស្ថិតក្នុងខេត្តកណ្តាល (ក្រៅក្រុងភ្នំពេញ)។ កម្មវិធីផ្គត់ផ្គង់ទឺកស្អាតនេះ ជាផ្នែកមួយនៃទំនួលខុសត្រូវសាជីវកម្មរបស់ក្រុមហ៊ុន អេទីកា ដើម្បីជួយប្រជាពលរដ្ឋដើម្បីឆ្ពោះទៅរកការរស់នៅប្រកបដោយសុខភាពល្អ។


ក្នុងសន្និសីទសារព័ត៌មានប្រកាសភាពជាដៃគូនេះ ត្រូវបានផ្តល់កិត្តិយសផ្តួចផ្តើមដោយលោក Dato’ Johan Ariffin អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា កម្ពុជា លោក Datuk.R Karunakaran អគ្គនាយកក្រុមហ៊ុនអេទីកាអន្តរជាតិ (Etiqa International Holding Sdn. Bhd.) លោក ហ៊ង វុទ្ធី អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងជីវិត អេទីកា ប្រចាំនៅកម្ពុជា និងលោក ឆាត់ សុភាព នាយកប្រចាំប្រទេសអង្គការ វ័តធឺអេតកម្ពុជា។

លោក Dato’ Johan Ariffin បានលើកឡើងថា៖ “ក្រុមហ៊ុនអេទីកា យើងខ្ញុំជឿជាក់ទៅលើទស្សនៈនៃសេវាកម្មធានារ៉ាប់រងតាមបែបមនុស្សនិយម។ យើងនៅទីនេះដើម្បីជួយប្រជាជន និងធ្វើតាមការសន្យារបស់យើង។ ទាំងនេះវាត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការធ្វើអាជីវកម្ម ដែលជះឥទ្ធិពលវិជ្ជមានដល់សហគមន៍”។ “យើងពិតជាមានមោទកភាពក្នុងការចាប់ដៃគូជាមួយអង្គការ វ័តធឺអេតកម្ពុជា ក្នុងការដាក់ឱ្យដំណើរការគម្រោងទឹកស្អាតនេះឡើង ដើម្បីបង្កើតការផ្លាស់ប្តូរទៅដល់សហគមន៍ក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូរយៈពេល ១ ឆ្នាំ ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនក្នុងខេត្តកណ្តាលនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា ឱ្យស្របទៅតាមគោលបំណង “ធ្វើឱ្យពិភពលោកក្លាយជាកន្លែងដ៏ប្រសើរ” ដែលស្តែងឱ្យឃើញតាមរយៈការពង្រឹងជីវភាពប្រជាជន និងការលើកស្ទួយសង្គម សេដ្ឋកិច្ច របស់សហគមន៍ក្រីក្រនៅទូទាំងប្រទេស។

យោងតាមប្រសាសន៍របស់ លោក ឆាត់ សុភាព នាយកប្រចាំប្រទេសរបស់អង្គការ វ័តធឺអេត កម្ពុជាបានឱ្យដឹងដែរថា៖ ទឹក និងអនាម័យ គឺជារឿងសាមញ្ញ ប៉ុន្តែវាពិតជាសំខាន់ណាស់ក្នុងការជួយសង្គ្រោះជីវិត ពីព្រោះថាកង្វះអនាម័យអាចសម្លាប់ប្រជាជន និងអាចជាអន្ទាក់នៃភាពក្រីក្រទៀតផង។ ប្រសិនបើមិនមានលទ្ធភាពទទួលបានអនាម័យ និងទឹកស្អាត ប្រជាជនអាចប្រឈមនឹងហានិភ័យលើផ្នែកសុខភាព ជាពិសេសកុមារ និងជនពិការភាព។ ម្យ៉ាងវាក៏អាចធ្វើឱ្យផលិតភាពសេដ្ឋកិច្ចរបស់ពួកគេធ្លាក់ចុះដូចគ្នា។

ពិភពលោកបានសន្យាថាមនុស្សគ្រប់រូប នឹងទទួលបានទឹកស្អាតដែលប្រកបដោយសុវត្ថិភាពនៅត្រឹមឆ្នាំ២០២៣ ហើយកម្ពុជាក៏បានបេ្តជ្ញាចិត្តសម្រេចនូវគោលដៅនេះផងដែរ។ បើទោះបីកម្ពុជាមានការរីកចម្រើនខ្លាំងលើវិស័យទឹកស្អាត និងអនាម័យក៏ដោយ ក៏យើងមិនអាចខ្ជះខ្ជាយពេលវេលានោះទេ យើងត្រូវរួមគ្នាពន្លឿន និងដោះស្រាយបញ្ហាជាយុទ្ធសាស្រ្ត ដើម្បីធានាថាគ្រប់គ្នាមានសិទ្ធិទទួលបានទឹកស្អាត និងអនាម័យ ដោយមិនទុកនរណាម្នាក់ចោល។’

ការទទួលបានទឹកប្រើប្រាស់ និងអនាម័យ ពិតជាមានសារៈសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជាសរសរស្តម្ភសំខាន់មួយនៃគោលដៅអភិវឌ្ឃន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ។ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេដឹងថាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៤ នាក់ ពុំមានទឹកស្អាតប្រើប្រាស់។ ទោះបីជាកម្ពុជាត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេមួយនៅក្នុងបណ្តាប្រទេសនៃតំបន់អាស៊ី ប៉ុន្តែលទ្ធភាពទទួលបានហិរញ្ញប្បទានសមរម្យមួយសម្រាប់ទឹកស្អាតនៅតែជាឧបសគ្គ។

គម្រោងទឹកស្អាតដែលទទួលបានការចូលរួមសហការពីអង្គការ វ័តធឺអេត នេះនឹងជួយពង្រឹងការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុមគ្រួសារងាយរងគ្រោះនៅក្នុងតំបន់។ គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីរក្សានូវនិរន្តភាពរយៈពេលយូរ ជាមួយគ្នានេះដែរ នៅពេលដែលគម្រោងយើងនឹងត្រូវបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២៣ អ្នកទទួលផលទាំងអស់នឹងទទួលបានការតភ្ជាប់បណ្តាញទឹកស្អាត និងប្រើប្រាស់ទឹកស្អាតប្រកបដោយស្មារតីទំនួលខុសត្រូវ។

នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនអេទីកា ពួកយើងបានជួយដោះស្រាយបញ្ហាទឹកឱ្យអ្នកទទួលផលច្រើនជាង ១០,០០០ នាក់នៅទូទាំងប្រទេស រួមមានភូមិដែលមានទីតាំងនៅតាមឆ្នេរសមុទ្រខាងកើត ក្នុងតំបន់ភាគខាងជើង និងកណ្តាល រួមបញ្ចូលទាំងតំបន់ស៉ាប៉ា និងស៉ារ៉ាវ៉ាក់ ចាប់តាំងពីឆ្នាំ២០១៧ មកម្ល៉េះ។