ខេត្តប៉ៃលិន ៖ 

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ គេសង្កេតឃើញអាជីវករ ដែលប្រកបរបរលក់ដូរ សម្លៀកបំពាក់ ឬខោអាវជជុះ មានការមមាញឹកខ្លាំង ពោលគឺប្រជាពលរដ្ឋមកពីតាមភូមិ នាំគ្នាសម្រុកចូលទិញយ៉ាងច្រើនកុះករគួរឱ្យកត់សម្គាល់ ខណ:រដូវរងាឈានចូលមកដល់ ដោយអ្នកខ្លះទិញ២ទៅ៣កំប្លេ ខ្លះទៀតទិញច្រើន ដើម្បីផ្ញើប្តី ប្រពន្ធ កូនចៅ នៅឯផ្ទះ សម្រាប់ពាក់ទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំង ពេលចេញទៅចំការជាដើម។ បើតាមប្រភពព័ត៌មានពីស្រ្តី ឈ្មោះ ឌីណា ណៃ អាយុ៣៦ឆ្នាំ រស់នៅភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ គាត់បានជួលតូបលក់ដូរសម្លៀកបំពាក់ និងលក់ខោអាវជជុះនៅក្នុងផ្សារប៉ាហ៊ីជើង ហៅផ្សារជាងអូន ស្ថិនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក៏ មានលក់សម្លៀកបំពាក់ថ្មីៗ សម្រាប់មនុស្សចាស់ និងក្មេងៗ ថែមទាំងមានលក់ខោអាវជជុះផងដែរ។ គាត់បានបន្តថា គិតជាធម្យម នៅរៀងរាល់ថ្ងៃ គាត់អាចលក់ដាច់ ដោយសរុបថវិកាចាប់ពី៧០ ទៅ៨០ម៉ឺនរៀលក្នុង១ថ្ងៃ។ តែនៅពេលឈានចូលដល់រដូវរងារនេះ អាកាសធាតុនៅក្នុងក្រុងប៉ៃលិនត្រជាក់ខ្លាំងចាប់ពី១៧ទៅ១៩អង្សាសេ ការលក់ដូររបស់គាត់ គឺដាច់ខ្លាំង ព្រោះមានមនុស្សចាស់ និងក្មេងៗ ត្រូវការខោអាវក្រាស់ៗ ដើម្បីពាក់បំបាត់រងារ ហើយនៅក្នុងខែធ្នូនេះ គាត់ក៏អាចរកប្រាក់ចំណូលបានចន្លោះពី១លានរៀលឡើងទៅ ពោលគឺលក់ដាច់ជាងខែធម្មតា។ សម្លៀកបំពាក់ទាំងអស់នេះ គាត់បានកម្មង់ទិញម៉ូយយកមកពីរាជធានីភ្នំពេញជួលរថយន្តដឹកមកដល់កន្លែងលក់តែម្តង។ 




គាត់បានបញ្ជាក់ទៀតថា សម្លៀកបំពាក់ក្មេងតូចៗ គឺមានការធូរថ្លៃ ដោយលក់ជូនអតិថិជន១ ត្រឹមតែ តម្លៃ១០០០រៀល ហើយខោអាវក្មេង អាយុចាប់ពី២ទៅ៣ឆ្នាំ គាត់លក់១ត្រឹមតែ តម្លៃ២ពាន់រៀលប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ការលើកយកមកលក់ដូរនេះ គឺទទួលបានប្រាក់ចំណេញតិចតួចប៉ុណ្ណោះ ដោយសំលៀកបំពាក់ប្រហែល៣គីប ក្រោយលក់ដាច់អស់ ចំណេញបានត្រឹមតែ១៥ម៉ឺនរៀល។ ដូច្នេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋរសនៅក្នុងក្រុងប៉ៃលិនសប្បាយរីករាយ នាំគ្នាទិញយ៉ាងកុះករតែម្តង។ បើតាមប្រភពព័ត៌មានពីស្រ្តី ឈ្មោះ ណាក់ អាយុ៦០ឆ្នាំ និង ឈ្មោះ មុំ អាយុ៥៨ឆ្នាំ រស់នៅក្នុង ភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងដែរថា ៖ នៅពេលរដូវ រងារឈានចូលមកដល់ ពួកគាត់តែងតែស្ទុះស្ទារ នាំគ្នាតម្រុងទៅក្នុងផ្សារ ដើម្បីរកមើលទិញខោ អាវរងារ ព្រោះនៅខែនេះ មានអ្នកលក់ដូរច្រើន ហើយតម្លៃទីផ្សារក៏ធ្លាក់ចុះជាងខែធម្មតាដែរ។ ពួកគាត់បន្តទៀតថា ពេលនេះ គឺម្នាក់ៗទិញចាប់ពី៤ទៅ៥កំប្លេ ដើម្បីយកទៅពាក់ខ្លួនឯង ឱ្យប្តី និងកូនៗ ពាក់បំបាត់រងារ ពេលនៅផ្ទះ ឬចេញទៅចំការផងដែរ៕