ខេត្តប៉ៃលិន ៖
រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោយពីបេក្ខជនដែលប្រឡង កាលពីដើមខែធ្នូកន្លងទៅ បាននាំគ្នាទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបិទផ្សាយ អ្នកខ្លះអរសប្បាយលោតរាំហ៊ោរកញ្ជ្រៀវ និងថតលទ្ធផលបង្ហោះហ្វេសប៊ុក ឱ្យមិត្តភក្តិ ចូលរួមអបអរសាទរ។ តែគួរឱ្យអាណិតដល់បេក្ខជនខ្លះទៀត ក្រោយពីឃើញលទ្ធផលរបស់ខ្លួនធ្លាក់ បាននាំគ្នាជូតទឹកភ្នែកយំ ខណ:មានអ្នកចាំលើកទឹកចិត្ត កុំឱ្យគិតអ្វីច្រើន ឬគិតផ្តេសផ្តាស់ បើអាចគួរតែតស៊ូរៀនសូត្រថ្នាក់ទី១២ម្តងទៀត។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ គ្រាន់តែទទួលដំណឹងពីការបិទប្រកាសផ្សាយឈ្មោះបេក្ខជនជាប់ធ្លាក់នៅក្នុងវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិត ស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បេក្ខជនម្នាក់ៗ បានរូតរះធ្វើដំណើរតាំងពីព្រលឹមទៅរកមើលឈ្មោះរបស់ខ្លួន ដោយអ្នកខ្លះមានសង្ឃឹម៦០%ទៅ៩០% តែពេលកំពុងដើរទៅមើលឈ្មោះ ក៏មានអារម្មណ៍ភ័យអរៗ លុះពិនិត្យឃើញឈ្មោះរបស់ខ្លួនជាប់ក៏លោតអរសប្បាយ ហើយទូរស័ព្ទប្រាប់ឪពុកម្តាយ និងមិត្តភក្តិឱ្យដឹង ដើម្បីចូលរួមអបអរសាទរ។ ប្រភពបន្តទៀតថា ចំណែកសិស្សានុសិស្សខ្លះទៀត ដែលធ្វើកិច្ចការវិញ្ញាសាបានតិចតួច ក៏ដើរឡើងទៅមើលឈ្មោះរបស់ខ្លួនដែរ លុះឃើញមានបន្ទាត់ក្រហមគូសកាត់ ក៏មានអារម្មណ៍តក់ស្លុត ក៏ងាកបែរទៅអង្គុយយំម្នាក់ឯង ដោយមានមិត្តភក្តិមួយចំនួនរង់ចាំលើកទឹកចិត្ត កុំឱ្យគិតអ្វីច្រើន គួរតែតស៊ូរៀន១ឆ្នាំទៀត ឬក៏រៀនយកបរិញ្ញាបត្ររង ហើយធ្វើការប្រឡងសងជំនួសវិញ។
បើតាមរបាយការណ៍ពីខាងមន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ស្ថិតិបេក្ខ ជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ០៥ ធ្នូ ឆ្នាំ២០២២នេះ គឺមានសិស្សមកប្រឡងសរុបចំនួន៥៥០នាក់ ស្រី៣១៧នាក់ សិស្សប្រឡងជាប់សរុបចំនួន៤០១នាក់ ស្រី២៥១នាក់។ ប្រភពបញ្ជាក់ទៀតថា សិស្សប្រឡងជាប់និទ្ទេសA ចំនួន០២នាក់(ស្រី) ជាប់និទ្ទេស B ចំនួន២៩នាក់ ស្រី២៥នាក់ ជាប់និទ្ទេស C ចំនួន ៦៦នាក់ ស្រី៤៣នាក់ ជាប់និទ្ទេស D ចំនួន១៣៦នាក់ ស្រី៨៧នាក់ និងនិទ្ទេស E ចំនួន១៦៨នាក់ ស្រី៩៤នាក់។ ចំណែកឪពុកម្តាយដែលឃើញកូនប្រឡងជាប់ម្នាក់ៗសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង ដោយ អ្នកខ្លះបានយកនំចំណីទៅសែនថ្វាយជូនលោកយាយយ៉ាត ព្រោះមុនពេលប្រឡង ពួកគេបាននាំគ្នាទៅ បាត់ស្រន់។ ចំណែកឪពុកម្តាយ ដែលឃើញកូនប្រឡងធ្លាក់ ក៏មិននិយាយស្តីបន្ទោសអ្វីដល់កូនៗដែរ មានតែនិយាយលួងលោមចិត្តឱ្យបន្តរៀនសូត្រ១ឆ្នាំទៀត។ តែបើមិនចង់រៀន អាចទៅរៀនយកជំនាញ ផ្សេងៗ សម្រាប់យកមកចិញ្ចឹមជីវិតនាថ្ងៃអនាគតផងដែរ៕