ខេត្តប៉ៃលិន ៖ 

មានបុរសម្នាក់ បានសុំលុយប្រពន្ធ ដើម្បីទិញស្រាបៀរមួយកេសយកទៅផឹកស៊ីជួបជុំមិត្តភក្តិ លុះប្រពន្ធមិនព្រមឲ្យ ហើយថែមទាំងស្ដីបន្តិចបន្តួចក៏រត់ទៅចងកធ្វើអត្តឃាតបញ្ចប់ជីវិត។តែម្ដង។ ហេតុការណ៍បុរសម្នាក់ចងក. ធ្វើអត្តឃាតនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល០៧ និង៤០នាទី ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ចំណុចដីចំការដំឡូង (តាម៉ុស) ខាងជេីងភ្នំវែង ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ ឈ្មោះ តឿ រិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ៖ បញ្ហាដែលនាំឱ្យកើតរឿងហេតុ គឺកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៥ និង២០នាទីល្ងាច ជនរងគ្រោះខាងលើ បានសុំប្រាក់ប្រពន្ធទិញស្រាបៀរមួយកេស ដើម្បីផឹកជួបជុំមិត្តភក្តិ។ តែប្រពន្ធមិនព្រមឱ្យនោះទេ ក្រែងក្រោយពេលផឹកស្រវឹងនាំឱ្យកើតមានបញ្ហាឈ្លោះទាស់ទែងកាប់ចាក់គ្នា។ លុះក្រោយពីប្រពន្ធមិនព្រមឱ្យលុយ និងស្តីបន្ទោសតិចតួច ស្រាប់តែជនរងគ្រោះក៏បានខឹងនិងដើរចេញពីផ្ទះបាត់ស្រមោលទៅ។ លុះព្រឹកឡើងសាច់ញាតិបងប្អូននាំគ្នាដើររកគ្រប់ទីកន្លែង លុះដល់ត្រង់ចំណុចដីចំការដំឡូង(តាម៉ុស) ខាងជើងភ្នំវែង ស្រាប់តែប្រទះឃើញជនរងគ្រោះខាងលើធ្វើអត្តឃាត (ចងក.) នៅលើដើមឈើស្លាប់បាត់ទៅហើយ ហើយក្រោយមកក៍បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។



ក្រោយពីកម្លាំងជំនាញការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ធ្វើកោសល្យវិច្ច័យរួចមក សន្និដ្ឋានថា ជនរងគ្រោះ ពិតជាធ្វើអត្តឃាត (ចងក.)ដោយខ្លួនឯងពិតប្រាកដមែន ដោយមូលហេតុការអាក់អន់ចិត្តជាមួយប្រពន្ធ។ បច្ចុប្បន្នសពខាងលើ ត្រូវបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕