ខេត្តប៉ៃលិន ៖ 

ក្មេងទំនើងបួននាក់រងរបួសធ្ងន់ស្រាលត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណៈដែលក្មេងទំនើងបួននាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ដោយសារទំនាស់ពាក្យសម្ដីគ្នាទៅវិញទៅមកបន្តិចបន្តួច ក៏ទាញកាំបិត ដាវ កាប់ចាក់គ្នាក៏ក្រោកខេត្តប៉ៃលិនតែម្ដង។ ហេតុការណ៍ក្រុមក្មេងទំនើងកាប់ចាក់គ្នាកក្រើកខេត្តប៉ៃលិន បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

ប្រភពព័ត៌មានបានឱ្យដឹងថា គេឃើញក្មេងទំនើងចំនួន០២ក្រុម មានបក្សពួកសរុបចំនួន០៨នាក់ ដែលមានឈ្មោះដូចខាងក្រោម ទី១- ឈ្មោះ សុខ ចាន់តារា ភេទប្រុស អាយុ២១ឆ្នាំ ជាជាងក្រឡឹង រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ទី២- ឈ្មោះ សាក់ ភារ៉ា ហៅអាជ្រូក ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ទី៣- ឈ្មោះ សាក់ សំរិត ភេទប្រុស អាយុ២២ឆ្នាំ ជាជាងក្រឡឹង រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ទី៤- ឈ្មោះ វ៉ាន់ ទុំ ហៅសិទ្ធិ ភេទប្រុស អាយុ៣១ឆ្នាំ ជាងឡាន រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ទី៥- ឈ្មោះ ភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករចាក់លូ ។ ទី៦- ឈ្មោះ ផាន់ ទី អាយុ១៩ឆ្នាំ ជាកម្មករចាក់លូ។ ទី៧- ឈ្មោះ ហេង ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករចាក់លូ (ទាំងបីនាក់នេះរស់នៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានរត់គេចខ្លួន) ។ ទី៨- ឈ្មោះ រក្សា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រត់គេចខ្លួន) ។ 



ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ៖ បន្ទាប់ពីធ្វើសកម្មភាពដេញកាប់គ្នាទៅវិញទៅមករួច កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួនៈ០៤នាក់់ (ដោយម្នាក់ៗ រងរបួសធ្ងន់-ស្រាលរៀងៗខ្លួន) នាំមកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីពិនិត្យ និងព្យាបាលរបួស ។ ចំណែកក្មេងទំនើង០៤នាក់ទៀតខាងលើបានឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់តែម្តង។ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាននឹងកំពុងធ្វើការស្រង់ចម្លើយ សាកសួរបំភ្លឺ និងស្រង់សាវតាជាតិក្រុមក្មេងទំនើងខាងលើ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕