ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់ឆ្នាំ២០២២-២០២៣ ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យក្រុងទេពនិម្មិតហ៊ុនសែន ស្ថិតក្នុងអូរតាពឺតសង្កាត់ទទលល្វាក្រុងប៉ៃលិន។
បន្ទាប់ពីលោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនឡើងអានសុន្ទរកថាស្តីពីពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងវិស័យអប់រំនៅក្នុងខេត្តប៉ៃលិន លោក សុខ ពិសី អភិបាលរងខេត្ត បានឡើងអានសារលិខិតទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីពិធីបើកបវេសនកាលនាពេលនេះគឺត្រូវបានប្រារព្ធធ្វើឡើង។ ក្នុងនោះដែរ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអំពាវនាវអោយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមផ្សព្វផ្សាយបន្ថែម និងសូមអោយជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនជាកង្វល់ដ៏ធំសម្រាប់យើងទាំងអស់គ្នា ដូច្នេះសូមលោកគ្រូ អ្នកគ្រូចូលរួមផ្សព្វផ្សាយអំពីបញ្ហា និងផលប៉ះពាល់អំពីគ្រឿងញៀន និងជាចុងក្រោយក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៦) ព្រោះសម្តេចតេជោបានបើកអោយចាក់ដូសទី៦ហើយ ដោយសារតែរហូតមកដល់ថ្ងៃនេះកូវីដអត់ទាន់ទៅណាឆ្ងាយពីយើងទេ៕