ខេត្តប៉ៃលិន ៖ 

នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិនវៀតណាមនេះ គេសង្កេតឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនជាង២ម៉ឺននាក់ ខណ:ដែលប្រ ជាពលរដ្ឋ និងអាជីវករលក់ដូរដាច់គួរឱ្យកត់សម្គាល់ផងដែរ។ លើសពីនេះ មុននឹងពួកគេចូលទៅលេង នៅតាមរមណីយដ្ឋានផ្សេងៗ ពួកគេតែងតែចូលទៅក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាត ដែលមានរូប សំណាកយាយយ៉ាត សម្រាប់ដុតធូបទៀន បន់ស្រន់សុំសេចក្តីសុខតាមដងផ្លូវផងដែរ។ 




ប្រភពព័ត៌មានពីភ្ញៀវទេសចរមកពីខេត្តបាត់ដំបងម្នាក់ បានរៀបរាប់ឱ្យដឹងថា ៖ នាពេលបុណ្យ ចូលឆ្នាំចិននេះ ពួកគាត់បាននាំប្រពន្ធកូន និងបងប្អូន ធ្វើដំណើរមកកាន់រមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ដោយជួលបន្ទប់ផ្ទះសំណាក់សម្រាក១យប់ លុះព្រឹកឡើងនាំគ្នាទៅលេងរមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានម្លប់សាវម៉ាវ រមណីយដ្ឋានស្ទឹងត្រជាក់ចិត្ត រមណីយដ្ឋានផ្ទះបៃតង ជាពិសេសគឺចង់ទៅលេងទឹកជ្រោះនៅរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដែលមានទឹកថ្លាយប់ដូចកញ្ចក់តែម្តង។ ពេលនាំគ្នាចុះ ងូតលេង ទឹកជ្រោះនេះ ពិតជាត្រជាក់កាយសប្បាយចិត្ត បំបាត់នូវទុក្ខកង្វល់ផ្សេងៗ ដែលធ្លាប់មិនកន្លង ទៅផងដែរ។ បើតាមការរៀបរាប់ពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ភ្ញៀវទេសចរដែលធ្វើដំណើរចូលមកទស្សនាកម្សាន្តនៅទូទាំងខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ (ថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំចិន) មានច្រើនគួរឱ្យកត់សម្គាល់។ លោកបន្តទៀតថា ភ្ញៀវទេសចរជាតិសរុបមានចំនួន២៦,៨៨២នាក់ និងភ្ញៀវទេសចរអន្តរជាតិ សរុបមានចំនួន៨នាក់ ដោយសរុបភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានចំនួន២៦,៨៩០នាក់។ សូមបញ្ជាក់ថា ៖ នៅក្នុងខេត្តប៉ៃលិន មានកន្លែងដើរលេងកម្សាន្តយ៉ាងច្រើន ដែលអាជ្ញាធរខេត្ត បានរៀបចំតុបតែង ដើម្បីទទួលភ្ញៀវទេសចរ ហើយក៏មានរមណីយដ្ឋានឯកជនរបស់ប្រជាពលរេដ្ឋផង ដែរ៕