ខេត្តប៉ៃលិន ៖
ជនជាតិចិនម្នាក់ បានស្លាប់តាមផ្លូវ ខណ:បងប្អូនដឹកតាមរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសារតែមានអាការ:ថប់ៗក្នុងដង្ហើម លុះចេញពីធ្វើការក៏ទៅសម្រាកនៅក្នុងបន្ទប់ លុះប្អូនរបស់ខ្លួនឃើញអាការ:មិនស្រួលក៏ហៅរថយន្តដឹកយកទៅសង្គ្រោះ តែមិនទាន់ដល់ពេទ្យផង ស្រាប់តែជំងឺធ្វើទុក្ខខ្លាំងប្រកាច់ស្លាប់នៅលើរថយន្តតែម្តង។ ហេតុការណ៍ជនជាតិចិនដេកស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ សពជនរងគ្រោះ មាន ឈ្មោះ ហ្ស៊ូ វេខ្វាន់ (XU WElQUAN) ភេទប្រុស ជនជាតិចិន អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED3830970 មានទីលំនៅបច្ចុប្បន្នរស់នៅភូមិ-ឃុំខាងលើ។ ប្រភពបានបញ្ជាក់ ៖ កាលពីវេលាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ពេលជនរងគ្រោះកំពុងធ្វើការក៍ស្រាប់តែមានអាការ:មិនស្រួលក្នុងខ្លួន។ ភ្លាមៗនោះ ជនរងគ្រោះ ក៏បានដើរទៅប្រាប់ប្អូនជីដូន មួយម្នាក់ ឈ្មោះ ចិន យិងជា (CHEN YINGJIE) ដែលជាជនជាតិចិនថា គាត់មានអាការៈឈឺក្បាលវិលមុខ មិនស្រួលក្នុងខ្លួន សូមចេញពីធ្វើការទៅសម្រាកមុនហើយ។ លុះដល់ស្អែកឡើង វេលាម៉ោង ២ និង០០នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ប្អូនជីដូនមួយរបស់ជនរងគ្រោះ បានដើរទៅហៅបងរបស់ខ្លួន ដើម្បីមកហូបបាយ។
ប៉ុន្តែពេលចូលទៅដល់ក្នុងបន្ទប់ ស្រាប់តែឃើញជនរងគ្រោះអាការៈមិនស្រួលខ្លួនកាន់តែខ្លាំង ដោយមានអាការៈថប់ៗ ក្នុងដង្ហើម ពីបាកក្នុងខ្លួន ក៍បានចូលទៅជួយមើល។ តែពេលគក់ច្របាច់យូរៗទៅ ឃើញជនរងគ្រោះកាន់តែមានអាការៈពីបាកដកដង្ហើមខ្លាំងឡើងៗ ទើបគាត់ក៏បានហៅអ្នកជិតខាងឱ្យគេចូលមកជួយ និងបានប្រាប់សន្តិសុខជួយដឹកបងប្រុសបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។ តែខណ:ពេលកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ លុះដល់ពាក់កណ្ដាលផ្លូវស្រាប់តែបងប្រុសគាត់មានអាការៈប្រកាច់ធាក់ដៃធាក់ជើង ហើយក៍ស្ងាត់ដង្ហើមបាត់ឈឹងតែម្តងទៅ។ លុះពេលទៅដល់មន្ទីពេទ្យបង្អែកខេត្តប៉ៃលិន ខាងគ្រូពេទ្យបានពិនិត្យ និងបញ្ជាក់ថាបងប្រុសរបស់គាត់បានស្លាប់បាត់ទៅហើយ។ សូមបញ្ជាក់ថា ៖ ពេលកម្លាំងជំនាញខាងកោសល្យវិច្ឆ័យខេត្ត ស្រុក និងគ្រូពេទ្យបានធ្វើកោសល្យវិច្ច័យចប់ រួចបានបញ្ជាក់ថា សពជនរងគ្រោះនេះស្លាប់ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែន៕