ខេត្តប៉ៃលិន ៖ 

យ៉ាងហោច ជនរងគ្រោះចំនួន៣នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណៈបើកបរម៉ូតូក្នុងល្បឿនលឿន លុះឆ្លងផ្លូវមិនប្រយ័ត្ន ក៍បុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ស្រាលតែម្តង។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីត្រង់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចលើដងផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងរងរបួសស្រាល០២នាក់ ខូចខាតម៉ូតូកម្រិតមធ្យមចំនួន០២គ្រឿង។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ភាគីបង្ក ឈ្មោះ ឈាន កុសល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងសិប្បកម្ម រស់នៅភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសស្រាល) ដោយបើកបរម៉ូតូម៉ាកវីវ៉ា ស៊េរីចាស់ ពាក់ស្លាកលេខ បាត់ដំបង1A-9683 (ខូចខាតមធ្យម) បើកបរក្នុងទិសដៅពីជើងទៅត្បូង បត់ឆ្លងផ្លូវទៅខាងលិច។ ចំណែកភាគីរងគ្រោះ ឈ្មោះ ស៊ុន មករា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្រចាប់ក្រោម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់បាក់ភ្លៅឆ្វេង) ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2019 ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1C- 9450 (ខូចខាតមធ្យម) ក្នុងទិសដៅពីកេីតទៅលិច ដោយល្បឿនលឿន) ។ 



ប្រភពបន្តទៀតថា អ្នករួមដំណើរ៖

ទី១- ឈ្មោះ ស៊ុន វត្តី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រងរបួសស្រាល ទី២- ឈ្មោះ រឿន សុជីតា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ទាំង២នាក់ រស់នៅភូមិក្រចាប់ក្រោម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(គ្មានរបួស)។ មូលហេតុៈបណ្តាលមកពីកត្តាមនុស្សបេីកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងបត់មិនគោរពផ្លូវអទិភាព។ បច្ចុប្បន្ន ភាគីបង្កក្រោយពីការសាកសួរបានឱ្យសាច់ញាតិបងប្អូនធានាឱ្យត្រលប់ទៅផ្ទះវិញ រង់ចាំការដោះស្រាយ។ ចំណែកភាគីរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ក្រោយវាស់វែង កម្លាំងជំនាញផែនសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន យកវត្ថុតាងទាំងសងខាងមករក្សាទុក រង់ចាំការដោះស្រាយតាមនីតិវិធី៕