ខេត្តប៉ៃលិន ៖
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញទទួលអំណោយភេសជ្ជៈគ្រុឌ ចំនួន១០០០កេស ពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី លីមីធីត (Vattanac Brewery Limited)។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ៖ ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ជាក្រុមហ៊ុន ដែលវិនិយោគដោយជនជាតិខ្មែរ ១០០% និងជាក្រុមហ៊ុនដែលបានកៀងគរទុនវិនិយោគក្នុងអំឡុងពេលដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយមិនមានការរាថយ ហើយសម្រេចបាននូវការសាងសង់ និងរៀបចំដំណើរការបានយ៉ាងឆាប់រហ័ស។ នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការជឿជាក់លើប្រសិទ្ធភាព នៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវសុខសន្តិភាព និងស្ថេរិភាពនយោបាយ ។លោកជំទាវអភិបាលខេត្ត តំណាងឱ្យរដ្ឋបាលខេត្ត និង ប្រជាជននៅខេត្តប៉ៃលិនទាំងមូលសូមថ្លែងអំណរគុណ នូវទឹកចិត្ដដ៏ស្មោះត្រង់របស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី លីមីធីត (Vattanac Brewery Limited) ដែលបានឧបត្ថម្ភភេសជ្ជៈគ្រុឌចំនួន១០០០កេស ដល់រដ្ឋបាលខេត្តប៉ៃលិន ហើយក៍ជូនពរ ដល់អ្នកឧកញ៉ា ព្រមទាំងសហការី ឱ្យជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការជៀសផុត ពីជម្ងឺកូវីដ-១៩ និងកាន់តែជោគជ័យក្នុង អាជីវកម្មបន្ថែម ទៀត។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍សង្ឃឹម និងជឿជាក់ថា៖ សប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានា នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តប៉ៃលិន ដើម្បីចូលរួមលើកកម្ពស់វិស័យមនុស្សធម៌ក្នុងខេត្ត ជាពិសេស ការចូលរួមទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩ ផងដែរ ដែលសកម្មភាពទាំងនេះ ជាសិល្បៈនៃការចែករំលែក និងបានបញ្ជាក់ពីទឹកចិត្តដ៏សប្បុរធម៌របស់សប្បុរសជន ក្នុងការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលផងដែរ៕